(ភ្នំពេញ)៖ រយៈពេល០៩ខែ ២០២៣នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរំដោះផ្ទៃដីចម្ការ មីននិងចម្ការគ្រាប់បានចំនួន ២ ១០៨តំបន់ មានផ្ទៃដីសរុបចំនួន ២២៣ ៨៦០ ៥០៧ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៨១ ៤០១ ៦៥ ៨ ម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់មានទំហំ ៤២ ៤៥៨.៨៤៩ ម៉ែត្រក្រឡា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់។
ឯកឧត្តមបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៨ ៣៥០គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួន ៤០០ ៤៩៦គ្រួសារ។
៩ខែឆ្នាំនេះ អង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្ត បានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹង ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៨ ៤០១លើក ស្មើនឹង ៩១៤ ៥៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១ ៤១៨ ៨៦៣នាក់។
ដោយឡែកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ២៤ករណីសរុបមានជនរងគ្រោះចំនួន ២៧នាក់ ក្នុងនោះស្លាប់០៤នាក់ និងរបួស២៣នាក់៕