ផ្លូវកៅស៊ូពាក់ព័ន្ធតំបន់ទេសចរណ៍ សម្បូរទៅដោយសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅភ្នំកូនសត្វ សាងសង់ជិតរួចរាល់ មានពលរដ្ឋជិត២ម៉ឺននាក់ អបអរសាទរ និងសប្បាយរីករាយ


(កំពត)៖ ផ្លូវក្រាលកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែង ៦៤០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅតំបន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ភ្នំកូនសត្វ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានស្ថាបនាសាងសង់ជិតរួចរាល់ហើយ។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ ប្រមាណជិត ២ម៉ឺននាក់ ចូលរួមស្វាគមន៍ អបអរសាទរ និងមានចិត្តសប្បាយរីករាយជាខ្លាំង ព្រោះធ្វើឲ្យពួកគាត់ ងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផល និងទៅកម្សាន្តនៅទំនប់ប្រទាក់ក្រឡា និងរាល់ចំការម្រេច នៅជុំវិញទំនប់ប្រទាក់ក្រឡាភ្នំនៃភ្នំកូនសត្វខាងលើ ដែលជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពត ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកម្សាន្តលេងនៅតំបន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា និងរមណីយដ្ឋានចំការម្រេចនានា យ៉ាងច្រើនកុះករផងដែរ។

តាមប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ កំពុងស្ថាបនា សាងសង់ខាងលើ បានលើកបញ្ជាក់ឲ្យដឹងថា កាលពីផ្លូវមួយខ្សែនេះមិនទាន់ធ្វើការសាងសង់ គឺការធ្វើដំណើរ ក៏ដូចជាដឹកកសិផលឆ្លងកាត់ មានការលំបាកយ៉ាងខ្លាំង ពីព្រោះផ្លូវមានកន្លែងខ្លះតូចចង្អៀត ហើយមានក្រឡុកច្រើនទៀតផង ដែលធ្វើឲ្យមានការពិបាកធ្វើដំណើរ ជាពិសេសទៅទៀតនោះ គឺភ្ញៀវទេសចរដែលមានចិត្ត ទៅដើរលេងកម្សាន្តនៅទំនប់ប្រទាក់ក្រឡា ឬក៏ទៅទស្សនាកម្សាន្តនៅចំការម្រេចនានាក្នុងតំបន់នោះ ក៏មានការលំបាកក្នុងការធ្វើដំណើរនេះផងដែរ។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានលើកបញ្ជាក់ឱ្យដឹង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្លូវដែលកំពុងសាងសង់ខាងលើនេះ ឆ្លងកាត់ភូមិចំនួន៥ ឃុំចំនួន២ និងស្រុកចំនួន១។ ការសាងសង់ជាប្រភេទផ្លូវកៅស៊ូ ២ជាន់(DBST) ចាប់ផ្ដើមសាងសង់ ក្នុងឆ្នាំ២០២២ គ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៤ ការចំណាយថវិកាសាងសង់ ជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ(EDCF)។ ផ្លូវនេះ បានសាងសង់ ជាលទ្ធផលសម្រេច ប្រមាណ ៧០% ហើយ។

លោកប្រធានមន្ទីរ បន្តថា ផ្លូវមួយខ្សែខាងលើ មានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋផ្ទាល់ ដែលជាអ្នកប្រើប្រាស់ផ្លូវនេះ មានចំនួន ១៩២៤៩ នាក់។ ដោយឡែក ភ្ញៀវជាតិ និងអន្តរជាតិ ក្រោយពីផ្លូវនេះបានស្ថាបនារួចរាល់ ១០០% ជាស្ថាពរហើយនោះ ការធ្វើដំណើររបស់ពួកគាត់ជាភ្ញៀវ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តលេង នៅទំនប់ប្រទាក់ក្រឡា និងរមណីយដ្ឋានធម្មជាតិផ្សេងៗទៀត ជាពិសេសចំការម្រេចជាដើម។

ទន្ទឹមនេះ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការសំណូមពរ និងអំពាវនាវ ដល់ពលរដ្ឋ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណា សហការគ្នា ជួយថែរក្សា និងពិនិត្យមើលបណ្ដារថយន្ត ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលបណ្ដាលធ្វើឲ្យផ្លូវរហ័សឆាប់មានការខូចខាតជាបន្តបន្ទាប់។ អាជ្ញាធរពាក់ព័ន្ធ ណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅអមតាមដងផ្លូវខាងលើ កុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និងកុំឱ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះ ជួយការពារ និងថែរក្សា ឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ផ្លូវខាងលើនេះ ជាទ្រព្យសម្បត្តិ ដ៏មហាសាលនៅក្នុងសហគមន៍របស់ខ្លួនទាំងអស់គ្នា។

លោកអភិបាលស្រុកទឹកឈូ អ៉ឹម ច័ន្ទសោធន បានសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ ជួយលើគម្រោង ការរៀបចំផ្លូវបេតុង និងកៅស៊ូ ១ខ្សែទៀត គឺផ្លូវលេខ១៣៩ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៣៣ កាត់តាមសាលាស្រុកទឹកឈូ ពីព្រោះផ្លូវមួយខ្សែនេះ មានការរង់ចាំជួសជុលយូរមកហើយ ជាពិសេសផ្លូវនេះគឺជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ ដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់ ហើយកន្លងមក ផ្លូវនេះយើងបានលើកពេលរហូត តាំងពីមុនបោះឆ្នោត ដល់ក្រោយការបោះឆ្នោត ឆ្នាំ២០២៣នេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានបញ្ជាក់ថា តំបន់ទំនប់ប្រទាក់ក្រឡានៃភ្នំកូនសត្វ និងបណ្ដារមណីយដ្ឋានធម្មជាតិនានា ជាពិសេសចំការម្រេចខាងលើ គឺជាតំបន់មួយដ៏ទាក់ទាញ ហើយនៅទីនោះមានទេសភាពល្អៗ និងផាសុខភាព ពាត់ជុំវិញអាងទំនប់ប្រទាក់ក្រឡា ដោយជួរភ្នំ មានធម្មជាតិដ៏ស្រស់ស្អាត ជាតំបន់កសិក ទេសចរ ដែលភ្ញៀវជាច្រើនបានទៅទទួលសេវាកម្មនៅទីនោះ ហើយកន្លងមកមានសេវាកម្មជាច្រើន ដែលមានផលិតផលលក់ ទិញ និងកែច្នៃផលិតផលម្រេចនៅក្នុងចំការម្រេចនានា នៅទីនោះផងដែរ។ នៅទីនោះមានទីតាំងដ៏ល្អ សម្រាប់អាហារដ្ឋាន ការលក់ភេសជ្ជៈ និងសម្ភារៈផ្សេងៗជាដើម។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញទៅគាំទ្រ កម្សាន្តលេង និងស្វែងយល់អំពីការពាក់ព័ន្ធជុំវិញផលិតផល ដ៏ល្អឯករបស់ខេត្តកំពត៕