រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន


នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation – CRBC) ដឹកនាំដោយ លោក Li Changgui អគ្គនាយករងក្រុមហ៊ុន CRBC ដោយមានការចូលរួមពី លោក​ លោកស្រី​ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការកន្លង ព្រមទាំងបានបង្ហាញពីការប្តេជ្ញាយកចិត្តទុកដាក់លើគម្រោងនានាដែលកំពុងអនុវត្ត គ្រោងនឹងអនុវត្តជាពិសេសលើកិច្ចសហការ លើការងាររៀបចំប្រតិបត្តិការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមកដល់ពេលនេះមានរយៈពេល១ឆ្នាំហើយ។

បន្ថែមពីនោះលោកអគ្គនាយករងក្រុមហ៊ុន CRBC ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលថ្មីនេះ វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត៕