បណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួន និងចូលរួមកិច្ចប្រជុំ​ នៃក្របខណ្ឌប្រជុំអាស៊ាន និងអង់គ្លេស


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិភាក្សាការងារជាមួយ លោកស្រី Anne-Marie Trevelyan អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងជំនួបអាហារពេលព្រឹកនោះ ភាគីទាំងពីរបានពិភាក្សា រកវិធីដើម្បីពង្រឹងកិច្ចសហការរវាងអាស៊ាន និងអង់គ្លេស លើវិស័យមួយចំនួន ជាពិសេសវិស័យលំហសមុទ្រ។

បន្ទាប់មកនៅព្រឹកថ្ងៃព្រហស្បតិ៍​ដដែល បណ្ឌិត កៅ គឹមហួន បានអញ្ជើញទៅទស្សនានៅស្ថានីយ Battersea Power ដែលជាទីតាំងដាក់បង្ហាញគម្រោងហេដ្ឋារចនាសម្ព័ន្ធទំនើប និងនវានុវត្តន៍ ដែលទទួលផលមកពីកិច្ច សហការជាមួយដៃគូខាងក្រៅ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានផ្លាស់ប្តូរការអនុវត្តល្អៗ ស្តីពីវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ពាក់ព័ន្ធនឹងការតភ្ជាប់។

តមកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Scott McDonald នាយកប្រតិបត្តិអង្គការ British Council ដែលជាអង្គការដ៏ល្បីឈ្មោះរបស់អង់គ្លេសជំនាញក្នុងវប្បធម៌អន្តរជាតិ និងផ្តល់ឱកាសសម្រាប់ការសិក្សាអប់រំ។ នៅគ្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាស្តីអំពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងនាពេលខាងមុខរវាងអាស៊ាន និងអង់គ្លេស នៅក្នុងវិស័យអប់រំ និងសេដ្ឋកិច្ចច្នៃប្រឌិត។

ក្រោយបញ្ចប់ជំនួបខាងលើ បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយបណ្ឌិត José Viñals ប្រធានធនាគារពហុជាតិ  Standard Chartered ដែលមានស្នាក់ការកណ្តាលធំនៅចក្រភពអង់គ្លេស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការដែលធ្វើទៅបាន ដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នៅក្នុងអាស៊ាន។

ដោយឡែកនៅល្ងាចថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាក្នុងពិធីជប់លៀង ដើម្បីអបអរភាពជាដៃគូអាស៊ាន-អង់គ្លេស ក្នុងវិស័យសុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អគ្គលេខាធិការអាស៊ាន បានស្វាគមន៍សំណើឱ្យមានកម្មវិធីភាពជាដៃគូសន្តិសុខសុខាភិបាលសកលអាស៊ាន-អង់គ្លេស ដែលនឹងជួយកែលម្អសមត្ថភាព សម្រាប់ការទប់ស្កាត់ ការរកឃើញ និងការឆ្លើយតបទៅនឹងការគំរាម កំហែងផ្នែកសុខាភិបាលនៅក្នុងតំបន់អាស៊ាន។ បណ្ឌិត កៅ គឹមហួន ក៏បានស្វាគមន៍ការបង្កើតកិច្ចសន្ទនាអាស៊ាន-អង់គ្លេស ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ៕