ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព បើកដំណើរការជាផ្លូវការ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣»


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកដំណើរជាផ្លូវការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។

យុទ្ធនាការភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោងស្អាត។ពិធីបើកដំណើរការនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល យុវជនសុច្ឆន្ទៈស្អាត, សិល្បករ, សិល្បការី, Social Media Influencers ជាច្រើនរូប។

នៅឆ្នាំ២០២៣នេះ «យុទ្ធនាការភ្នំពេញស្អាត» មានការដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួនបួនធំៗ ក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ» ដើម្បីចូលរួមចំណែកផ្សព្វផ្សាយក្នុងការគ្រប់គ្រងសំរាមផ្តើមពីរាជធានីភ្នំពេញ។

ក្រោមទិសស្លោកថ្មីនេះ គម្រោងស្អាត បានរៀបចំផែនការសកម្មភាពធំៗចំនួនបួនដោយរួមមាន៖

ទី១៖ ចិត្តខ្ញុំស្អាត ខ្មែរស្អាត ជាការធ្វើបទបង្ហាញដោយព្រះគ្រូ គូ សុភាព ជូនយុវជនយុវនារី និងសិស្សានុសិស្ស ក្នុងន័យបណ្តុះការគិតល្អ ក្នុងនាមជាកូន ជាចៅ ជាបងជាប្អូន ជាញាតិមិត្ត ជាពលរដ្ឋល្អ និងជាសិស្សល្អ យុវជនល្អ

ទី២៖ ការងារខ្ញុំស្អាត ខ្មែរស្អាត ជាកម្មវិធីជជែកពិភាក្សា បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រ ក្នុងគោលគំនិតបណ្តុះការគិតល្អ ក្នុងនាមជាពលរដ្ឋល្អ បុគ្គលិកល្អ បង្កើនប្រសិទ្ធភាពការងារជាមួយបរិស្ថានស្អាត និងអនាម័យល្អក្នុងបរិវេណធ្វើការ

ទី៣៖ ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» ជាសកម្មភាពមួយ ក្នុងការចុះទៅចែករំលែក និងផ្សព្វផ្សាយជូនដល់សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា និងសាលារៀនឯកជន ដើម្បី
បញ្ហាបសារអប់រំ និងការយល់ដឹងបន្ថែមទៀតអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ទី៤៖ ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ដែលជាវេទិកាមួយសម្រាប់ម្ចាស់សហគ្រាស និងសហគ្រិនធ្វើការជជែកពិភាក្សា ដើម្បី
រិះរកមធ្យោបាយសមស្របនានា ក្នុងគោលបំណងលើកកម្ពស់ការចូលរួមការថែរក្សាអនាម័យ តាមរយៈការកាត់បន្ថយ
សំណល់ប្លាស្ទិក នៅក្នុងអាជីវកម្ម ព្រមទាំងជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព អនុលោមតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាល និងបទដ្ឋានគតិយុត្តជាធរមាន។

សូមគូសបញ្ជាក់ថា «យុទ្ធនាការភ្នំពេញស្អាត ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គពាក់ព័ន្ធហើយបង្កើតឲ្យមានសម្លេងតែមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្ដីពី «ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ» ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នា ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យមានភាពប្រសើរឡើង។

នេះ«យុទ្ធនាការភ្នំពេញស្អាត» បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ពោលគឺពេញមួយខែ ដែលយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត» ហើយឆ្នាំនេះ ក៏ជាឆ្នាំទី៧ផងដែរ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣។ យុទ្ធនាការនេះ ត្រូវបានចូលរួម និងអនុវត្តដោយស្ម័គ្រចិត្តពី «យុវជនសុច្ឆន្ទៈស្អាត» ជាច្រើនរូប ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមផែនការសកម្មភាពដែលបានដាក់ចេញក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ»។

បន្ថែមពីនេះ «គម្រោងស្អាត» ក៏ទទួលបានកិច្ចសហការ និងការគាំទ្រពីបណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល បណ្តាគ្រឹះស្ថានអប់រំពីមធ្យមសិក្សារហូតដល់ ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ក៏ដូចជាសាធារណជនជាច្រើនផងដែរ៕