រដ្ឋមន្ត្រីបរិស្ថាន៖ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ របស់ពលរដ្ឋកំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើង ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្តល់នូវជម្រើស ក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វ គឺជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ និងការចូលរួមដាំឈើបន្ថែមនៅក្នុងមូលដ្ឋាន គឺជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីការលើកទឹកចិត្តរបស់ក្រសួងបរិស្ថាន សម្រាប់ការអភិវឌ្ឍផលិតផល ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដែលចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ដែលមានសក្តានុពលធម្មជាតិ និងប្រយោជន៍ក្នុងការលក់កាបូន ដើម្បីទទួលបានថវិកាត្រឡប់មកជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានវិញផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការពារធម្មជាតិ ត្រូវចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការដាំឈើ ដែលក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ១០ តុលា ផ្តល់កូនឈើដោយឥតគិតថ្លៃចំនួន ១លានដើមដាំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីបង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថាគម្របព្រៃឈើត្រូវតែកើនកើង៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា នៅក្នុងពេលទស្សនកិច្ចនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» លោករដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន បានជួបសំនេះសំណាលសួរសុខទុក្ខ និងបានទស្សនាការដាក់តាំងផលិតផលសហគមន៍ រួមមានការចិញ្ចឹមជ្រូកគូលែន ការកែច្នៃអនុផលព្រៃឈើ ការចិញ្ចឹមឃ្មុំ ផលិផលកសិកម្មប្រកដោយនិរន្តរភាព និងការរៀបចំផែនការវិនិយោគទេសចរណ៍ធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រួមទាំងទឹកស្អាត និងអនាម័យ នៅឧទ្យានជាតិ «ភ្នំគូលែន»៕