ក្រសួងបរិស្ថាន និងIUCN សហការគ្នាដើម្បីការអភិរក្សធនធានធម្មជាតិនៅកម្ពុជា


ក្រសួងបរិស្ថាន និងអង្គការសហភាពអន្តរជាតិ(IUCN) បានព្រមព្រៀងគ្នា សហប្រតិបត្តិការជាមួយគ្នាដើម្បីអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ពិធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នា បានប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថាន ដោយលោកស្រី Aban Marker Kabraji នាយកអង្គការ IUCN ប្រចំាតំបន់អាស៊ី និងឯកឧត្តម សូ ខនប្ញទ្ឋីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមអធិបតិភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អនុស្សារណៈព្រមព្រៀងគ្នានេះផ្តោតជាសំខាន់លើការអនុវត្តរួមមានៈ ១-ការអភិរក្សតំបន់តំបន់ដីសើមទឹកសាបសមុទ្រ ២-អភិបាលកិច្ចតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៣-ការបន្សាំដោយផ្អែកលើប្រព័ន្ឋអេកូឡូស៊ី ការកាត់បន្ថយ និងភាពធន់នឹងការប្រែប្រួលអាកាលធាតុ ៤-កិច្ចសហប្រតិបត្តិការឆ្លងដែនស្តីពីការអភិរក្សសត្វព្រៃ និងរុក្ខជាតិ និងការគ្រប់គ្រងទន្លេរ ៥-ការរៀបចំអនុវត្តគោលនយោបាយ យុទ្ឋសាស្រ្តនៃការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៦-ការសិក្សាស្រាវជ្រាវ សត្វព្រៃ និងប្រភេទជីវៈចម្រុះដទៃទៀត។
ក្នុងពេលនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបានស្នើរសុំអោយអង្គការ (IUCN) ជួយពង្រឹងសម្ថភាពមន្រ្តីរាជការលើផ្នែកវិទ្យាសាស្រ្ត ហើយក្រសួងគ្រោងនិងបង្កើតសារមន្ទីរធម្មជាតិជីវៈចម្រុះនៅរាជធានីភ្នំពេញផងដែរ។
គួសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការIUCN មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ដើម្បីសម្រេចកសាងភាពធន់របស់សហគមន៍ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់រ៉ាមសារចំនួន៣ និងជួយក្រសួងបរិស្ថាន ក្នុងការកំណត់ និងបង្កើតតំបន់រ៉ាមសារ និងតំបន់ការពារធម្មជាតិដីកោគថ្មីបន្ថែមទៀត ពិសេសកិច្ចសហការជួយគាំទ្រដល់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ក្នុងការរៀបចំបង្កើតតំបន់ភ្នំថ្មកំបោរ ជាតំបន់ការពាធម្មជាតិផងដែរ៕