ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអនុញាតិឲ្យលោកស្រី Desiress Ganz ចូលជួបពិភាក្សាការងារ


នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង  បានអនុញាតិឲ្យលោកស្រី Desiress Ganz នាយកកិច្ចការពលកម្មនៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដឹកនាំសហការីជួបពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបទ្វេភាគីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះលោកស្រី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពី ចាប់តាំងពីមានកិច្ចព្រមព្រាងស្តីពីពាណិជ្ជកម្មអស់រយៈពេលជិត២០ឆ្នាំមកនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពរបស់កម្ពុជាលើវិស័យការងារនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ពីសុខុដុមរម្យនារបស់បងប្អូនកម្មករនិយោជិត។

ក្នុងរយៈពេល១ឆ្នាំជាងមកនេះរាជរដ្ឋាភិបាលបាន ដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារឲ្យកាន់តែប្រសើរឡើង។ ច្បាប់នេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ(ILO) ដោយធានាបាននូវផលប្រយោជន៍ចំពោះសហជីព និយោជក និងកម្មករនិយោជិត ចាបតាំងពីច្បាប់នេះបង្កើតរហូតដល់ ដាក់ឲ្យអនុវត្ត ការចុះបញ្ជីការសហជីពមានចំនួនកើនឡើងជាបន្តបន្ទាប់។ ច្បាប់នេះមិនត្រឹមតែ ធ្វើឲ្យដំណើរការនៃការចុះបញ្ជីការសហជីពមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជម្រុញឲ្យសហជីពចេះសហការ និងស្រឡាញ់គ្នាដើម្បីផលប្រយោជន៍កម្មករនិយោជិត និងមានការចូលរួមដោយសេរី ស្មើភាពគ្នាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បមា ដែលនឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយោជក និងដល់ប្រទេសជាតិទាំងមូលពីព្រោះច្បាប់នេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ ព្រមទាំងជម្រុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ហើយបានរៀបចំសិក្ខាសាលាសាធារណៈចំនួន២លើក ដើម្បីប្រមូលនូវធាតុចូលពីគ្រប់ភាគី និងមជ្ឍដ្ឋាននានា ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានធ្វើការជាច្រើនចំពោះការដោះស្រាយវិវាទការងារដោយឯករាជ្យទៅតាមនីតិវិធីរបស់ខ្លួន។ បច្ចុប្បន្នក្រសួង ក៏បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីវិធីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយនូវវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបបន្ថែមថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិចំនួន ១៣ ក្នុងនោះមានអនុសញ្ញាស្នូលចំនួន ៨ ដែលគ្រប់គ្រាន់សម្រាប់ការរៀបចំនូវយន្តការនានាក្នុងការពង្រឹងនូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជជីវៈ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលោកស្រីពិតជាត្រេកអរចំពោះការចូលរួម និងកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យការងារនៅកម្ពុជាពិសេសគឺបានយកចិត្តទុកដាក់ចំពោះសេរីភាពសហជីព និងកម្មករនិយោជិត។ ជាមួយគ្នានោះដែរលោកស្រីបានជម្រុញឲ្យក្រសួងនៅតែបន្តបង្កើតកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយអង្គការអន្តរជាតិខាងការងារ ដើម្បីលើកកម្ពស់គុណភាពវិស័យការងារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអជ្ញាកណ្តាលដែលបានខិតខំដោះស្រាយនូវវិវាទផ្សេងៗដែលកើតមានឡើងក្នុងវិស័យកាត់ដេរ ប្រកបដោយឯករាជ្យភាព។ ជាមួយគ្នានោះលោកស្រី បានបង្ហាញនូវសុទ្ធិដ្ឋិនិយម និងគាំទ្រច្បាប់ស្តីពីសហជីព ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវតម្លាភាព ធានាផលប្រយោជន៍ដល់គ្រប់ភាគី និងសម្តែងនូវការគាំទ្រចំពោះកម្ពុជាដែលបាននឹងកំពុងកសាងនូវច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមអនុសញ្ញាអន្តរជាតិ។

លោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបាន ជម្រាបជូន គណៈ ប្រតិភូនូវព័ត៌មានបច្ចុប្បន្នភាព ដែលជាមូលដ្ឋានសម្រាប់លោកស្រីទទួលបាននូវព័ត៌មាន គ្រប់ជ្រុងជ្រោយពីស្ថានភាព និងការអនុវត្តជាក់ស្តែងនៅកម្ពុជា ដែលសហរដ្ឋអាមេរិក នឹងបន្តតាមដាន នឹងរង់ចាំទទួលនូវការវិវត្តន៍ថ្មីៗទៀតពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ហើយលោកស្រី បញ្ជាក់ថាភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទស្នាលជាមួយគ្នា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕