រដ្ឋបាលខេត្តបាត់ដំបង ជួបជាមួយគណៈប្រតិភូ អតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម


រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបជាមួយគណៈប្រតិភូអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយឯក ទ្រិញ វិញផា អតីតលេខាមេបញ្ជាការ នៃអង្គភាពទ័ពធំទី៤ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងលោក ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងក្នុងនាមប្រទេសភូមិផងរបងជិតខាងគ្នា ត្រូវបានរក្សា និងបន្តសហការគ្នាកាន់តែជិតស្និទ្ធប្រកប ដោយមនោសញ្ចេតនាទាំងផ្នែកនយោបាយ ការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកនូវចំណងសម្ព័ន្ធមេត្រីភាព ហើយសម្រាប់ខេត្តបាត់ដំបង ក៏បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាដៃគូយុទ្ធសាស្ត្រ ក្នុងការសម្រេចឲ្យបានតាមកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា តាមរយៈនៃកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងបណ្តាខេត្ត-ក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចំណងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តបាត់ដំបង កន្លងទៅជាមួយបណ្តាខេត្ត-ក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានខេត្តត្រាវិញ, ខេត្តតៃនិញ, ខេត្តឡុងអាន, ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា។

កិច្ចសហប្រតិបត្តិការទាំងនោះគឺផ្តោតលើឯកសារកំណត់ហេតុកិច្ចព្រមព្រៀងលើវិស័យឧស្សាហកម្ម វិនិយោគ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម សង្គមកិច្ច វប្បធម៌ អប់រំ កីឡា វប្បធម៌ និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តឡុងអាន ក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕