ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានកិច្ចសហការ និងការវិនិយោគទៅលើវិស័យកសិកម្ម


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានថ្លែងបញ្ជាក់ថា ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានកិច្ចសហការ ការសម្របសម្រួល និងការវិនិយោគទៅលើវិស័យកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍប៉ៃតង ធនធានទឹក គាំពារសង្គម សុខាភិបាល និងវិស័យពាក់ព័ន្ឋដទៃទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈទិវាជាតិអាហារូបត្ថម្ភលើកទី១០នេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងយល់ច្បាស់ពីសារៈសំខាន់នៃប្រព័ន្ធស្បៀង ការប្រែប្រួលអាកាសធាតុបណ្តាលមកពីប្រព័ន្វស្បៀង ដូចជាការផលិតស្បៀង ការកែច្នៃស្បៀង ការដឹកជញ្ជូនស្បៀង ជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ឋស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលបានធ្វើនៅសណ្ឋាគារ រ៉ាហ្វាល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរពាក់ព័ន្ឋ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ តំណាងអភិបាលរាជធានី ខេត្ត ព្រមទាំងសិស្ស និស្សិត ជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាអាចប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងប្រព័ន្ធស្បៀង។ ក្នុងរយៈពេល ២៥ឆ្នាំនេះ ប្រព័ន្ធស្បៀងចាំបាច់ត្រូវធ្វើបរិវត្តន៍ឱ្យកាន់តែមានភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ឆ្លាតវៃ បរិយាបន្ន ផ្តល់នូវរបបអាហារសុខភាព ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ស្ត្រី និងមនុស្សចាស់។ ប្រព័ន្ធស្បៀងងាយរងគ្រោះខ្លាំង ដោយសារការគំរាមកំហែងផ្នែកបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដូចជា៖ គ្រោះរាំងស្ងួត ទឹកជំនន់ ការកើនឡើងកំដៅនៃផែនដី ឧស្ម័នផ្ទះកញ្ចក់ ការបំពុលបរិស្ថាន កង្វះទឹកស្អាត និងអនាម័យ ដែលបណ្តាលឱ្យមានហានិភ័យដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងហេដ្ឋារចនាសម្ព័ននានា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា ដើម្បីដោះស្រាយបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដែលមានចក្ខុវិស័យឆ្ពោះទៅពង្រឹងប្រព័ន្ធស្បៀងមួយឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាព និងអាហារូបត្ថម្ភ។

បន្តមកក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធស្បៀង និងបញ្ហាប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញគោលនយោបាយ និងយុទ្ឋសាស្ត្រតាមវិស័យ និងពហុវិស័យដោយផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងស្វែងរកការងារជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែលល្អប្រសើរ ហើយនិងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព”។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទាំង៨ចំនុច ដូចមានក្នុងសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់ និងផ្តល់ស្រូវពូជដល់ប្រជាកសិករ ដើម្បីចាប់ផ្តើមដាំដុះឡើងវិញ ព្រមទាំងសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគត, បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក និងសូមឱ្យក្រុមការងារដឹកនាំសម្រួលសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភរាជធានី ខេត្ត សហការជាមួយដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា រៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយសារលិខិត សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឱ្យបានជ្រាបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។

លោក ហ្វារីដ សេមី (Farid Semi) តំណាងលោកឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាលឺម៉ង់ និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា និងលោកស្រី ក្លែ កូណាន់ Claire Conan នាយិកាកម្មវិធីស្បៀងអាហារពិភពលោក និងជាតំណាងអង្គការសហប្រជាជាតិនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជាបានយល់ស្របគ្នាថា ប្រធានបទឆ្នាំនេះ ដែលបន្ថែមដោយពាក្យស្លោក «ស្បៀងយើង អនាគតយើង» គូសបញ្ជាក់ពីសេចក្តីត្រូវការកាន់តែខ្លាំងឡើងក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំនៃភាពប្រសព្វគ្នារវាងប្រព័ន្ឋស្បៀង អាហារូបត្ថម្ភ និងអាកាសធាតុ។ យើងសូមបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពនៃប្រជាជនកម្ពុជា ដោយយើងនឹងបន្តវិនិយោគលើការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ឋ និងគោលនយោបាយដែលគាំទ្រដល់សុខភាព និងវិបុលភាព៕