ឯកឧត្តម សួន សុម៉ាលីន ជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំអនុវត្តកិច្ចការងាររបស់ខ្លួន ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តព្រៃវែង នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងទាំង៣ បានលើកឡើងអំពីផែនការសកម្មភាពរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូន លោកអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបី អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តបន្តរទៀត។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួនធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ ដែលជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បន្ថែមទៀត។ រដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភស្រាបៀរ និងទឹកក្រូច ព្រមទាំងថវិកាមួយចំនួនដល់ក្រុមការងារគណៈកម្មាធិការ អនុគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ការពារកន្លងទៅថ្មីៗប្រកប ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគួនាមោទនៈ និងប្រកបដោយភាពសប្បាយរីករាយផងដែរ៕