សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ នឹងបន្ដប្ដូរផ្ដាច់ឥតងាករេ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារទឹកដី អង្គព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់


នៅចំពោះព្រះភ័ក្ដ្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាមហោឡារិក អំពីការប្ដូរផ្ដាច់ឥតងាករេ របស់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ, នាយទាហាន និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្តូរផ្តាច់ឥតងាករេ ក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទន្ទឹមនេះ ក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ, នាយទាហាន និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្តូរផ្តាច់ឥតងាករេ ក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»

កងយោធពលខេមរភូមិន្ទ ក៏នឹងបន្តជ្រោងទង់ជាតិខ្មែរ ឲ្យបានល្បីរន្ទឺពាសពេញពិភពលោក តាមរយៈការចូលរួមជា «កម្លាំងនៃសន្តិភាព» នៅបណ្តាប្រទេសជាច្រើន ក្នុងនាមជាវីរកុលបុត្រខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកងកម្លាំង ដែលមានវិន័យ មានមនសិការវិជ្ជាជីវៈខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ។ នេះបើតាមប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ប្រជាពលរដ្ឋគ្រប់រូបក៏មិនអាចបំភ្លេចបាននូវពលិកម្មដ៏ធំធេងរបស់នាយនគរបាល និងពលនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្ម ដើម្បីការពារជាតិ, មាតុភូមិ, សន្តិសុខផ្ទៃក្នុងប្រទេស និងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយតែងតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត នៅជាប់នឹងប្រជាជន និងទទួលបានសេចក្ដីស្រលាញ់ពីប្រជាជន។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមថា លើសពីនេះ ពិតជាមិនអាចបំភ្លេចបានឡើយ នូវការចូលរួមចំណែកដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលកន្លងមក៕