សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៅតែបន្តពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងកិច្ចការពារជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងផ្តោតជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាកងទ័ព ដើម្បីឆ្លើយតបការពារខ្លួនប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ជាក់ស្តែងកម្ពុជានឹងកាន់តែពង្រឹងសមត្ថភាពកងទ័ពិសេសរបស់ ឱ្យកាន់តែខ្លាំងក្លា ជាពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក។

ការបញ្ជាក់បែននេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី នឹងបន្តប្រកាន់យកនយោបាយ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»

នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់វិស័យការពារជាតិ ដែលដូចទៅនឹងអាណត្តិមុនៗដែរ ហើយផ្តោតសំខាន់ទៅលើការការពារ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។

សម្តេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងផ្តោតជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាកងទ័ព ជាពិសេសសមត្ថភាពការឆ្លើយតបការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាក់ស្តែងយើងនឹងកាន់តែពង្រឹងសមត្ថភាពកងទ័ពពិសេសរបស់យើង ឱ្យកាន់តែខ្លាំងក្លា យើងក៏ផ្តោតផងដែរ ទៅលើការពង្រឹងប្រព័ន្ធការពារជាតិរបស់យើង ជាពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលសព្វថ្ងៃកាន់តែសកម្ម»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងកាន់តែចូលរួមឱ្យបានសកម្មបន្ថែមទៀត នៅក្នុងបេសសកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃការពង្រឹងអំណាចទន់ (Soft Power) របស់កម្ពុជា ទៅលើឆាកអន្តរជាតិ។ ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍ ចំពោះបញ្ហាគ្រាប់មីន កម្ពុជាក៏នឹងចែករំលែកនេះដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ ពីព្រោះកម្ពុជា មិនចង់ឃើញសោកនាដកម្មដ៏ជូរចត់នេះ កើតឡើងទៅលើមនុស្សជាតិដទៃទៀតនោះទេ៕