ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង រយៈពេល១សប្តាហ៍


នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះរួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការជាមួយលោក Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l’Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕