សមាគមមិត្តភាពកម្ពុជា-វៀតណាម បង្ហាញវឌ្ឍនភាពនៃទំនាក់ទំនងប្រជាជនទាំង២ ពិសេសសម្រេចបានគោលដៅព្រំដែនសន្តិភាព និងការអភិវឌ្ឍ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកសន្និបាតនៃសមាគមទាំងពីរនៅខេត្តតៃនិញ ប្រទេសវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា ទំនាក់ទំនងការទូតទ្វេភាគីមកដល់ពលនេះមានរយៈពេល៥៦ឆ្នាំ ដែលបានបង្កើតឡើងដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ ជាពិសេសការពង្រឹងនូវចំណងមិត្តភាព ការទូតប្រជាជន កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកស្រី ង្វៀង ធីថាញ់ បានលើកឡើងថា បន្ទាប់សមាគមមិត្តភាពវៀតណាម-កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរបានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ចនៃសមាគមទាំងពីរ។

លោកស្រីបានបញ្ជាក់ថា សកម្មភាពទាំងនេះបានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំងពីរ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សន្និបាតនេះផ្តោតជាសំខាន់លើពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យការទូតប្រជាជន និងប្រជាជនកម្ពុជា សមាគមមិត្តភាពនៃប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាល និងរដ្ឋាភិបាល គឺដើម្បីកសាងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំមួយសម្រាប់ការថែរក្សា ការការពារ លើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕