ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា, នាយឧត្តមសេនីយ៍ ស ថេត ជាប់ឆ្នោតជាប្រធានអាណត្តិទី៥


នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម អញ្ជើញជាអធិបតីភាព បិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

មហាសន្និបាតមិត្តនគរបាលជាតិកម្ពុជា បានចាប់ផ្ដើមដំណើរការកាលពីព្រឹកមិញ ដឹកនាំដោយឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍សមាគមមិត្តនគរបាលជាតិកម្ពុជា។

មហាសន្និបាតនេះ ក៏បានបោះឆ្នោតផ្ដល់ជ្រើសតាំងប្រធានថ្មី សមាជិកគណៈអចិន្ដ្រៃយ៍ សម្រាប់អាណត្តិទី៥ ដែលក្នុងនោះមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៥។

គួរជម្រាបថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចូលរួមរបស់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពក្នុងកងកម្លាំងនគរបាលជាតិ ជាពិសេសការជួយ ឧបត្ថម្ភគា្នទៅវិញទៅមកនៅពេលមិត្តរួមវិជ្ជាជីវៈជួបប្រទះនូវទុក្ខធុរៈដូចជា ពលី មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិជាដើម។

សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញនូវស្មារតីមនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរបស់មន្តី
នគរបាលជាតិក៏ដូចជាក្រុមគ្រួសារផងដែរ។ សមាគមមិត្តនគរបាលជាតិកម្ពុជា បានប្រារព្ធពិធីមហាសន្និបាតលើកទី១ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០២ ក្នុងអាណត្តិទី១ ដែលមានរយៈពេល០៣ឆ្នាំ និងបានបញ្ចប់អាណត្តិនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៥។

ក្នុងពេលមហាសន្និបាតអាណត្តិទី៣ សមាគមបានធ្វើវិសោធនកម្មកែសម្រួលលក្ខន្តិកៈឲ្យមានរយៈពេល០៥ឆ្នាំវិញក្នុងអាណត្តិនីមួយៗ។ នៅអាណត្តិទី៣ និងទី៤ សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តសកម្មភាពការងាររបស់ខ្លួនស្របទៅ តាមការកំណត់នៃលក្ខន្តិកៈ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលសម្រេចបានលទ្ធផលល្អប្រសើរ។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៧៨,០៦៩នាក់ ក្នុងនោះមាន សមាជិកសមាគមជាមន្ត្រីនគរបាល ចំនួន៦,១៨៩៧នាក់ សមាជិកជាមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ចំនួន ១៦,១៧០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគមចំនួន០២នាក់៕