សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ ផ្ដល់អាហារូបករណ៍២៥០កន្លែងជូនសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈរដ្ឋមន្រ្តីអធិការកិច្ច


សមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ បានផ្ដល់ជូនអាហារូបករណ៍ចំនួន២៥០កន្លែង ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

គួរជម្រាបថា ឯកឧត្តម ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយ លោក កាវ ជាន (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តីបានចូលរួមអបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។

លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានផ្ដល់ជូនអាហារូបករណ៍ចំនួន២៥០កន្លែង ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោករដ្ឋមន្រ្តី ហួត ហាក់។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងបានជម្រាបជូនលោកប្រធានក្រុមប្រឹក្សាភិបាលសមាគម អំពីបេសកកម្ម ផែនការការងារ និងរចនាសម្ពន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូនភ្ញៀវអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕