ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញបំណងចង់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា មានដូចជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ជាដើម។
បំណងនេះត្រូវបានលើកឡើងដោយលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំនៅកម្ពុជា ក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក Mohammed Ismaeil A.Dahlwy បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីរិតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតដែលបានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នកសម្របសម្រួលការវិនិយោគ។
ក្រៅពីវិស័យដែលលើកខាងលើហើយនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានចង្អុលបង្ហាញឱ្យអារ៉ាប៊ីសាអ៊ូឌីត អាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម។ ជាមួយគ្នានេះប្រទេសទាំងពីរអាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមកដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕