ក្រសួងមហាផ្ទៃកម្ពុជា និងអារ៉ាប៊ីសាអូឌី បង្កើនកិច្ចសហប្រតិ​ប​ត្តិការលើវិស័យច្បាប់ និងការទូត


កម្ពុជា និងអារ៉ាប៊ីសាអូឌី តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​ប​ត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូ​តអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហា​ណូ​យ សាធា​​រ​ណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសចូលជួបសម្ដែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឯកអគ្គរាជទូ​តអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​ប​ត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេច​បាននាពេលឆាប់ៗ។

ជាមួយគ្នានេះ លោក Mohammed Ismaeil A. Dahlwy ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនា​ក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិ​ប​ត្តិ​ការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ឯកឧត្តមឯកអគ្គរាជូតនាពេលនេះ ថាជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ លោកក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិកា​រកាន់តែជិតស្និទ្ធ ​​រវា​ងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនា​ក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនា​ក់​​ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានប​ន្តពង្រឹងពង្រីកឥតឈប់ឈ​រ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕