លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន នាំយកចង្ក្រានសន្សំសំចៃថាមពលចែកជូនប្រជាពលរដ្ឋ១០០គ្រួសារ នៅសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត


លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីក្រុមការងារពាក់ព័ន្ធ បានចុះជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពល ចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលសុទ្ធជាស្ត្រីងាយរងគ្រោះ និងក្រីក្រ ចំនួន១០០គ្រួសារ មកពីបណ្ដាភូមិនៃសង្កាត់អណ្តូងខ្មែរ។

ពិធីជំនួបសំណេះសំណាលខាងលើ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។

សំណេះសំណាលលោកជំទាវ ហ៊ុន ចាន់ធី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការដោះស្រាយពីបញ្ហា ទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកន្លងមក លោកតែងតែជួយគាំទ្រ សកម្មភាព របស់ស្ត្រីគ្រប់កាលៈទេសៈក្នុងសកម្មភាពមនុស្សធម៌ និងសង្គម ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត។

លោកជំទាវ ហ៊ុន ចាន់ធី បានសម្ដែងទឹកចិត្តរីករាយ និងចាត់ទុកសកម្មភាព របស់ក្រុមការងារ ដែលបានចុះជួបសំណេះសំណាល និងបាននាំយកនូវចង្រ្កានសន្សំសំចៃថាមពល មកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺពិតជាបាន ចូលរួមចំណែកលើកកម្ពស់ជីវភាព រស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជាការ រួមចំណែក គាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា ចង្ក្រានដែលបានចែកជូន នាពេលនេះ ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង និងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ពីការប្រើប្រាស់ចង្ក្រាននេះ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ព្រមជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណប្រជាពលរដ្ឋផងដែរ ដែលនៅតែស្រលាញ់គាំទ្រ ជឿជាក់ លើការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧ ដើម្បីបន្តថែរក្សាការពារសន្តិភាព ក្នុងការដឹកនាំប្រទេស និងអភិវឌ្ឍន៍សង្គមជាតិបានកាន់តែរីកចម្រើនថែមទៀត៕