ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃ ផ្លូវចំនួន១៦ខ្សែ ក្រាលកៅស៊ូ DBST នៅទូទាំងខេត្តតាកែវ


ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ចំនួន១៦ខ្សែ ដោយក្រាលកៅស៊ូ DBST និងក្រាលគ្រួសស និងក្រហម មានប្រវែងសរុប ១៣៧,៤៣០ម៉ែត្រ ស្ថិតនៅស្រុកសំរោង ស្រុកត្រាំកក់ ស្រុកទ្រាំង ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចុះពិនិត្យនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមដោយប្រតិភូអមដំណើរ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក លោកស្រី មន្រ្តីជំនាញជាច្រើនរូបផងដែរ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានលើកឡើងថា ផ្លូវគឺជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ច ពីតំបន់មួយទៅកាន់តំបន់មួយ ដូចជាការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ សិស្សានុសិស្សទៅសាលារៀន ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋបានគ្រប់រដូវកាល និងការដឹកអ្នកជម្ងឺទៅកាន់កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

នាឱកាសនោះឯកឧត្តមបណ្ឌិត នួន ដាញ៉ិល  បានណែនាំដល់អ្នកទទួលការឲ្យជួយថែទាំផ្លូវទាំងអស់ ឲ្យបានដិតដល់ និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមជួយថែទាំផ្លូវខាងលើ ដោយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់ ព្រមទាំងមានការយាមកាមឲ្យបានហ្មត់ចត់ និងចៀសវាងកុំឱ្យមានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវជនបទ ប្រយោជន៍ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការណ៍របស់លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ, នៅទូទាំខេត្តតាកែវ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការស្ថាបនាផ្លូវសម្រាប់ឆ្នាំ២០២៣ បានចំនួន ១៦ខ្សែ ដែលមានប្រវែងសរុប ១៣៧,៤៣០ម៉ែត្រ ដោយមានកន្លែងខ្លះបានធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST និងក្រាលគ្រួសស គ្រួសក្រហម មាននៅក្នុង៖ ស្រុកសំរោង មាន ២ខ្សែ ស្រុកត្រាំកក់ មាន ៣ខ្សែ ស្រុកទ្រាំង ៣ខ្សែ ស្រុកកោះអណ្ដែត ១ខ្សែ និងស្រុកគិរីវង់ មាន ៨ខ្សែ៕