សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ឈានចូល៧២ឆ្នាំ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវកោតសរសើរយ៉ាងក្រៃលែងចំពោះការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងប្រព័ន្ធច្បាប់កម្ពុជា ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដើម្បីធានាការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងពង្រឹងសុវត្ថិភាពសង្គមជាតិ។ សម្តេចបានចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយសមាគមកាកបាទក្រហមកម្ពុជា លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងកុមារ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងសម្បូរសប្បាយរុងរឿង។

សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយ ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងបុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕