គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤, ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា, តំណាងក្រសួង ស្ថាប័ន, តំណាងគណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់គណបក្សនយោបាយទាំង អស់ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសំណុំឯកសារនានា ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅ គ .ជ.ប។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺ មានរយៈពេល ១៥ថ្ងៃ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh (http://www.nec.gov.kh/)។ (http://www.nec.gov.kh/)

ឯកឧត្តម ឌឹម សុវណ្ណារុំ បានឱ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្ម នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណង ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

*មានសញ្ជាតិខ្មែរពីកំណើត
*មានអាយុ ៤០ (សែសិប) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
*មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
*បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោត ជាសកលចំនួន២ លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោ យ គ.ជ.ប លើកលែងតែករណីដែលការ មិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប
*មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
*មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ការអនុវត្តសិទ្ធិបោះឆ្នោតខាងលើត្រូវបានកំណត់យកត្រឹមការបោះឆ្នោត ជាសកលមួយលើកចុងក្រោយដែលរៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនរួមមាន៖ មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបព្វជិតសាសនា ឬជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច ឬជនដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុប ឈ្មោះ ពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប ឬសមាជិក គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕