សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលចូលរួមរៀបចំព្រះរាជពិធីបុណ្យអុំទូក ឱ្យទទួលបានជោគជ័យ


នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឲ្យទទួលបានជោគជ័យ នៅឆ្នាំនេះ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ព្រះរាជពិធីបុណ្យទូក ឆ្នាំ២០២៣នេះ គឺមានប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមលេងកម្សាន្ត ជាពិសេសនៅរាជធានីភ្នំពេញ ដែលបានបង្កើនបរិយាកាសសប្បាយរីករាយ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តាក្រុមហ៊ុនឯកជន ដែលបានចូលរួមរៀបចំកម្មវិធីកម្សាន្តនានា រួមទាំងការតាំងពិពរណ៍ ការសម្តែងតន្ត្រី ព្រមទាំងល្បែងកម្សាន្តនៅរាជធានីភ្នំពេញ ដែលបានបង្កលក្ខណៈឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រខែ កាន់តែអធិកអធម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា នេះជាការឆ្លុះបញ្ចាំងអំពីតទភាពជាក់ស្តែងនៃការវិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយនេះក៏ជាជោគជ័យ និងមោនទភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមម្លប់ត្រជាក់នៃសុខសន្តិភាព ដែលបានចាប់ផ្តើមដំណើរការពេញលេញ ថែមទាំងមានសមត្ថភាពអាចប្រមូលកម្លាំងរួមសម្រាប់រាជរដ្ឋាភិបាល ក្នុងការក្តាប់បាននូវសភាពការណ៍ ស្ថិរភាព ក្នុងកាលៈទេសៈគ្រប់បែបយ៉ាង។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះក្រសួង ស្ថាប័ន ដែលបានរៀបចំប្រទីបល្អៗ ព្រមទាំងអត្ថន័យល្អៗ ហើយសមត្ថកិច្ច និងកងកម្លាំងគ្រប់ប្រភេទ ដែលបានរួមគ្នាថែរក្សានូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹងការអញ្ជើញចូលរួមទស្សនា កម្សាន្តពីសំណាក់ប្រជាពលរដ្ឋរាប់លាននាក់ ប្រកបដោយសេចក្តីសប្បាយរីករាយផងដែរ៕