សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ១៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ៦០០លានដុល្លារ នៅឆ្នាំ២០២២ សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះដោយជំងឺកូវីដ និងបញ្ហាអតិផរណា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស​ដាក់​ឲ្យអនុវត្តន៍ជាផ្លូវការ នូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឲ្យអនុវត្តន៍ ​នៅក្នុង​ឆ្នាំ២០២៣ នាព្រឹកថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកា ប្រមាណ១៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ សម្រាប់វិធានការអន្តរាគមន៍ ក្នុងការដោះស្រាយ ផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធនឹងទប់ស្កាត់ លើជំងឺកូវីដ-១៩»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វិធានការអន្តរាគមន៍ ក្នុងការដោះស្រាយ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងគ្រោះរាំង និងងាយហានិភ័យ ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះ សម្ដេចសូមបញ្ជាក់ និងសូមលើកឲ្យបងប្អូនជនរួមជាតិ ជាពិសេសអ្នកដែលតែងតែនិយាយថា រដ្ឋាភិបាលមិនបានធ្វើអីសោះ ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រ៕