ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់


នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ ពិធី​សំណេះ​​សំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។

ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។

ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី ជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីកាត់បន្ថយនូវការ​លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ​ដីលំ​នៅ​ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀប​ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន​ដូចជា​ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញ​លូ​​រំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បាន​ណែ​នាំឱ្យសាងសង់​បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ។

ក្រៅពីនោះដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បណ្ណ​ក្រី​ក្រ​កម្រិត១​ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទី​តាំង​​ខាងលើនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់រុនតាឯកចំនួន៣លើក និងនៅតំបន់ពាក់ស្នែងចំនួន១លើកផងដែរ។

ដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង​ពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ​ស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ហើយក៏ជាការបន្តអនុវត្តន៍នូវស្មារតី តម្កល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង ដែលសម្តេចតេជោ ហ៊ុន សែន តែងតែអនុវត្តន៍ផងដែរ។

ប្រជាពលរដ្ឋរើចេញពីតំបន់រមណីយដ្ឋានអង្គរ រីករាយនឹងជីវិតនៅទីតាំងថ្មី ដ្បិតពួកគាត់បានដីធ្វើជាកម្ម​សិទ្ធិផ្ទាល់ខ្លួនតកូនចៅ អាចសង់លំនៅឋានតាមតម្រូវការ។ ទោះជាយ៉ាងណាពួកគាត់ក៏ចង់ឃើញមានការ​យក​ចិត្តទុកដាក់បន្ថែមពីអាជ្ញាធរពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈការបង្កើតមូលដ្ឋាន​ការងារផ្សេងៗនៅក្បែរលំនៅឋាន និងជួយរៀបចំដាំដុះដើមឈើ បង្កើតជាគម្របបៃតងជាដើម ឱ្យសមជា​ភូមិ​ធម្មជាតិ​រុនតាឯក៕