សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ទិសដៅអភិវឌ្ឍន៍តំបន់រុនតាឯកទៅជាទីក្រុងថ្មីមួយ និងបានណែនាំដល់ក្រសួង ស្ថាប័នបន្តរៀបចំហេដ្ឋារចនាសម្ពន្ធឱ្យសម្រេចតាមទិសដៅនេះ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញទិសដៅអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យក្លាយទៅជាទីក្រុងថ្មីមួយ និងបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសហការរៀបចំហេដ្ឋារចនាសម្ពន្ធ និងប្រព័ន្ធរដ្ឋបាលឱ្យសម្រេចបានតាមទិសដៅនេះ ខណៈហេដ្ឋារចនាសម្ពន្ធសម្រេចបានជាច្រើនគួរឱ្យកត់សម្គាល់ហើយ។

ការប្រកាសបែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត៣ពាន់នាក់ ដែលពិធី​នេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមើលកន្លែងនេះមិនមែនជាស្រុកធម្មតាទេ ហើយសម្ដេចតេជោក៏បានដាក់ទិសដៅហើយថា ហេដ្ឋារចនាសម្ពន្ធកន្លែងនេះគួររៀបចំទៅជាទីក្រុង ដូច្នេះត្រូវរៀបចំបំពេញលក្ខខណ្ឌទៅជាក្រុងរុនតាឯក»

សម្ដេចធិបតីបានបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះមានផ្លូវច្រើនហើយ គឺមានដល់ទៅជាង២០០ខ្សែ ឬជិត៣០០ខ្សែឯណោះ ក្នុងនោះមានផ្លូវបេតុង៥៥ខ្សែ។ ចំណែកទឹកស្អាត និងអគ្គិសនីក៏បានតភ្ជាប់ជាបណ្ដើរៗហើយ ទោះបីថាមិនទាន់គ្រប់១០០ភាគរយ ក៏ធ្វើបានច្រើនជាង៤០០ថ្ងៃឬ៥០០ថ្ងៃមុនដែរ។ ពេលវេលា៤០០ថ្ងៃ ធ្វើបានប៉ុណ្ណេះ ពិតជាមិនធម្មតាទេ គឺខិតខំប្រឹងប្រែងណាស់ ដើម្បីបានផ្ដល់ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា មិនយូរទេ ហេដ្ឋារចនាសម្ពន្ធនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះនឹងរីកចម្រើនទៅជាទីក្រុងមួយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកចំពោះតំបន់អភិវឌ្ឍន៍រុនតាឯកនេះតាំងពីដើមអាណត្តិមកម្ល៉េះ ដោយបានដាស់តឿនឱ្យលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី តាមដានការងារអភិវឌ្ឍន៍នៅទីនេះឱ្យបានជាប់ ព្រោះមិនអាចព្រលែងដៃចោលបានទេ។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ កងវិស្វកម្មសម្ដេចតេជោ អគ្គិសនីកម្ពុជា រដ្ឋាករទឹក ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលបានចូលរួមអនុវត្តកិច្ចការអភិវឌ្ឍកន្លងមកសម្រេចបានគួរឱ្យកត់សម្គាល់។

សម្ដេចធិបតីបានបញ្ជាក់ទៀតថា កិច្ចការទាំងឡាយនៅតែមិនបន្តអនុវត្តជូនប្រជាពលរដ្ឋទៅមុខទៀត មិនទុកប្រជាពលរដ្ឋចោលនៅតំបន់អភិវឌ្ឍន៍ទាំង២នេះឡើយ៕