សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មួយជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន តស៊ូដើម្បីជាតិ និងប្រជាជន ហើយសម្ដេចមិនយកដីរមណីយដ្ឋានអង្គរឲ្យទៅឯកជនឡើយ


ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសអញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរៀបចំឲ្យប្រជាពលរដ្ឋផ្លាស់ទីនេះ មិនបានយកដីរមណីយដ្ឋានអង្គរ លក់ទៅឲ្យវិស័យឯកជនណាមួយនោះទេ ពោលសម្ដេចធ្វើបែបនេះ ដើម្បីតែប្រយោជន៍ជាតិតែប៉ុណ្ណោះ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ផ្ដើមចេញពីការជឿជាក់លើការដឹកនាំ និងគិតគូរបស់សម្ដេចតេជោ ហ៊ុន សែន នោះហើយ បានជាប្រជាពលរដ្ឋសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនមករស់នៅលើទីតាំងថ្មីបែបនេះ។ សម្ដេចធិបតី បានអះអាងថា មួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីជាតិ និងប្រជាជនរបស់សម្ដេចតែប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជឿថា លោកតា លោកយាយ ជឿជាក់ហើយថា សម្ដេចតេជោ មិនមែនឲ្យលោកតា លោកយាយមកដើម្បីយកដីកន្លែងនោះ (ដីរមណីយដ្ឋានអង្គរ) ទៅលក់ឲ្យឯកជនទេ មិនមែនយកដីកន្លែងនោះ ដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្ដែដើម្បីផលប្រយោជន៍ជាតិយើងទាំងអស់គ្នា […] សម្ដេចតេជោ មានបំណងអាក្រក់ទុច្ចរិតឲ្យប្រជាពលរដ្ឋចេញដើម្បីយកដីកន្លែងនោះ តំបន់នៅអង្គរនោះ ទៅលក់ឲ្យអ្នកវិនិយោគធ្វើអគារ១០០ជាន់. មួយជីវិតរបស់លោកតស៊ូដើម្បីប្រជាពលរដ្ឋ តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ មិនអាចខ្លួនគាត់ទៅបំផ្លាញបែបនោះទេ»

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណជាថ្មី ដល់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង ក៏ដូចជាអ្នកខេត្តសៀមរាបទាំងអស់ ដែលបានផ្ដល់ការទុកចិត្តជឿចិត្តទៅលើសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ហើយនៅក្នុងរយៈពេលនៃការបោះឆ្នោតខែកក្កដាកន្លងទៅនេះ ដែលធ្វើឲ្យខេត្តសៀមរាបទាំងមូល គណបក្សប្រជាជនកម្ពុជាបានឈ្នះភ្លូកទឹកភ្លូកដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សុំនូវការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលមករស់នៅតំបន់ថ្មីនេះទាំងអស់ ដែលតាំងពីថ្ងៃដំបូង មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ប៉ុន្ដែនៅពេលនេះសមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើង ហើយនឹងបន្ដកសាងនូវសមិទ្ធផលសំខាន់ៗជាច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ មិនយូរមិនឆាប់ តំបន់រុនតាឯក និងប្រជាពលរដ្ឋដែលរស់នៅទីនេះជីវភាពកាន់តែរឹងមាំសប្បូរសប្បាយ។

សម្ដេចបានអះអាងថា ដំណើរសម្តេចអញ្ជើញចុះមករុនតាឯកនាពេលនេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តបន្តស្មារតីអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅរុនតាឯក ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុង។

សូមជម្រាបថា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ៕