សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគនៅកម្ពុជា


(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើ​ក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន Viettel របស់វៀតណាម ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈក្រុម​ហ៊ុនកំពុង​ទទួល​បានជោគជ័យប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ការលើកទឹកចិត្តខាងលើនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ជួបពិភាក្សាការងារជាមួយ លោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរ​សាទរ​សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូនសម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់​ក្រុម​ហ៊ុនលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋា​ភិបាល​កម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈ​ដល់ដំណើរការ​ធុរកិច្ច​របស់ក្រុមហ៊ុននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបាន​ជោគ​ជ័យ​ក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណ​ចំពោះ​ការ​បណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍​តាមរយៈ​ក្រុម​ហ៊ុនមិត្តហ្វូន (Metfone)។

សម្តេចធិបតី ក៏បានកត់សម្គាល់ផងដែរអំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និង​មនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំង​នៅ​ក្នុង​វិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា៕