សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែរឹងមាំ ទោះសភាព​ការណ៍ពិភពលោក​មាន​ការវិវឌ្ឍន៍បែបណាក៏ដោយ


(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការជឿ​ជាក់​ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅតែបន្តរឹងមាំទោះសភាពការណ៍តំបន់ និងពិភពលោក​មាន​ការវិវឌ្ឍន៍បែបណាក៏ដោយនោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍​ស្វា​គមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយឯកឧត្តម ផាម មិញជិញ នា​យក​រដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយចំពោះការរីកចម្រើន​សេដ្ឋកិច្ចរបស់វៀតណាម បើទោះបីប្រទេសនានាជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗ​ទៀត​។

ក្នុងសុន្ទរកថានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា ពីកិច្ចពិភាក្សារវាង​សម្តេច​ជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់វៀតណាម។ សម្តេចធិបតី បានបង្ហាញការពេញចិត្តចំពោះការជជែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់​ជ្រុងជ្រោយ​រវាងកម្ពុជា-វៀតណាម ដោយត្រង់ទៅត្រង់មក និងស្និទ្ធស្នាលជាមួយមេដឹកនាំរបស់វៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា «ខ្ញុំមានជំនឿថា ជំនួបទាំងនេះ នឹងចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ស្ថេរភាពយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត ទោះស្ថិតក្នុង​សភាព​​ការណ៍តំបន់ និងពិភពលោកមានការវិវឌ្ឍន៍ប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកប៉ាន​ស្មាន»

សម្តេចធិបតី បានបង្ហាញក្តីរំពឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នឹងបន្តរួមគ្នាអនុវត្ត​ឱ្យ​​បាន​ជោគជ័យរាល់កិច្ចព្រមព្រៀង អនុស្សារណៈ និងការយោគយល់គ្នា និងទិសដៅដែលបានដាក់​ចេញ​បន្ថែម​ទៀត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការ​ទូតផ្លូវ​ការ​ជាមួយ​គ្នា​រយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕