រដ្ឋបាលខេត្តឧត្តរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសដោយការចង្អុលបង្ហាញដោយផ្ទាល់ពីក្រសួងមហាផ្ទៃ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងក្រសួងស្ថាបន័ដទៃទៀត ខេត្តឧត្តរមានជ័យ សម្រេចបាននូវកិច្ចការធំៗជាច្រើន ដូចជារក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បង្ក្រាបបទល្មើសនានាបានទាន់ពេលវេលា ចុះអន្តរាគមន៍ពេលមានគ្រោះមហន្តរាយនានាកើតឡើង ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្នេកសេដ្ឋកិច្ចសង្គម។

ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក លោកស្រី ទាំងអស់ ដែលបានឈ្លាតពេលដ៏មានតម្លៃ ដើម្បីរួមគ្នាត្រួតពិនិត្យលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៣ រួមនឹងអនុសាសន៍ដឹកនាំជាគន្លឹះរបស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងឱកាសបិទសន្និបាតរដ្ឋបាលខេត្តក្នុងឆ្នាំកន្លងទៅ ព្រមទាំងលើកយកចំណុចការងារដែលនៅសេសសល់ មូលហេតុ និងលើកឡើងទិសដៅសម្រាប់កិច្ចការបន្តទៀតក្នុងឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានថ្លែងបន្តទៀតថា អង្គសន្និបាត ដែលបើកធ្វើនាពេលនេះគឺយើងនឹងធ្វើការបែងចែកក្រុមពិភាក្សា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ សំដៅប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសារ របាយការណ៍ ទិសដៅរួមទាំងការចូលរួមពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤បន្តទៀត។

ចំណុចសំខាន់ដែលអង្គសន្និបាតលើកយកមកពិភាក្សានាពេលនេះគឺមាន ៣ចំណុចសំខាន់រួមមាន៖ សុំពិនិត្យបំពេញបន្ថែមលើរបាយការណ៍ សរុបឱ្យបានលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក រកឃើញបទពិសោធន៍ល្អសម្រាប់ជាទុនបន្តអនុវត្តនាពេលខាងមុខ។ វាយតម្លៃឱ្យបានចំណុចប្រឈម ដឹងការខ្វះខាតកន្លងមក ដើម្បីរកវិធានការពុះពារដោះស្រាយ ជៀសវាងការអូសបន្លាយបណ្តែតបណ្តោយនាំឱ្យជះឥទ្ធិពលដល់ការសម្រេចភារកិច្ច។ សុំឱ្យអង្គសន្និបាតសិក្សា ពិនិត្យពីលទ្ធភាព វិធានការរបស់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនីមួយៗក្នុងការអនុវត្តទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះដែរឯកឧត្តម ប៉ែន កុសល្យ ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ការទទួលខុសត្រូវនៅតាម អង្គភាព មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមតិកម្មរបស់មន្ត្រីនៅ ស្ថាប័ន អង្គភាព ពិសេសគឺពង្រឹងការអនុវត្តអនុសាសន៍ទាំង៥ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅពង្រឹងសេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕