សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៧


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដធ្វើជាប្រធានកាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ដូច្នេះថា «មហាសន្និបាតបានប្រកាសរំសាយគណៈកម្មាធិការកណ្តាល អាណត្តិទី៦ ដែលមាន៣២រូប, និងបន្ទាប់មកបានពិនិត្យ និងអនុម័តសមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប១៣ រូប ដែលក្នុងនោះមាន ប្រធាន១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា អាណត្តិទី៧»

ជាមួយគ្នានេះ មហាសន្និបាត សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះគណៈកម្មាធិការកណ្តាល, គណៈកម្មាធិការសាខា/អនុសាខា, ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែបានយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ ដើម្បីបុព្វហេតុមនុស្សធម៌។

សូមជម្រាបថា មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អង្គមហាសន្និបាត មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូតំណាងសាខាទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្តទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។

សមាសភាពចូលរួមសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រតិភូគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម, ស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល៕