ឯកឧត្តម ហួត ហាក់ បើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែម រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច


នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែម រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែម រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច រួមមាន៖

*ទី១៖ សមាជិកគណៈកម្មាធិការគណបក្សក្រសួង ចំនួន៦រូប
*ទី២៖ សមាជិកគណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សក្រសួង ចំនួន៤រូប
*ទី៣៖ អនុប្រធានគណបក្សក្រសួង ចំនួន២រូប
*ទី៤៖ ប្រធានក្រុមការងារយុវជនគណបក្សក្រសួង ចំនួន១រូប។

ឯកឧត្តមមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកាដែលទើបជាប់ឆ្នោតទាំងថ្មី និងចាស់ទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈគណបក្ស និងបទបញ្ជាផ្ទៃក្នុងគណបក្ស និងសូមឲ្យសមាជិក សមាជិកាគណបក្សក្រសួងបន្តនូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចប្រតិបត្តិការល្អ បន្តប្រជុំជីវភាពឲ្យបានទៀងទាត់ ក្តាប់ឲ្យបាននូវស្មារតីសតិអារម្មណ៍ និងដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់របស់សមាជិកគណបក្សម្នាក់ៗ ដែលស្ថិតក្រោមការគ្រប់គ្រង និងការបង់វិភាគទានជីវភាពគណបក្ស ចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ ឬទីប្រឹក្សាដែលមានឋានៈស្មើ ត្រូវរួសរាន់ទៅបង់ប្រាក់វិភាគទាន៥% កុំបីខាន ព្រមទាំងចុះពង្រឹងការងារគណបក្សតាមមូលដ្ឋានតាមតួនាទីភារកិច្ចដែលគណបក្សប្រគល់ជូនផងដែរ។

ឯកឧត្តម ហួត ហាក់ បានដាក់ចេញនូវទិសដៅការងារគណបក្សក្រសួងទៅមុខដោយ រក្សាកម្លាំងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្ស ឲ្យបានស្ថិតស្ថេរ តាមរយៈការយកចិត្តទុកដាក់ទាំងសម្ភារៈ និងស្មារតី ជំរុញការងារសតិអារម្មណ៍ ការងារចលនាមហាជន និងការចិញ្ចឹមចលនា សំដៅលើកកម្ពស់មនសិការស្នេហាជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលរបស់ជាតិ និងប្រមូលកម្លាំងជាតិទាំងមូលអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យបានជោគជ័យ។

បន្ថែមពីនេះ ត្រូវបន្តពង្រឹងគណៈកម្មាធិការគណបក្សក្រសួង ឲ្យមានរចនាសម្ព័ន្ធតាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សហមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ» បន្តរបៀបរបបការងារ មានរបបប្រជុំជីវភាពគណបក្សឲ្យបានទៀងទាត់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុង ជំរុញផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងជំរុញការអនុវត្តសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃ៍យ៍ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ «បង្កើនប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោត»៕