មន្ត្រី UN កោតស្ញប់ស្ញែងចំពោះការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព ក្រោមទង់ UN


លោកJoseph Scheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានបង្ហាញពីការស្ញប់ស្ញែង ចំពោះការលះបង់របស់កងកម្លាំងមួលខៀវកម្ពុជា ក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព ជាមួយបណ្តាកងទ័ពមួកខៀវមកពីប្រទេសផ្សេងៗទៀត នៅក្នុងតំបន់បេសកកម្មក្នុងប្រទេសមានសង្គ្រាម បានឆ្លុះបញ្ចាំងនៅក្នុងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ និងកិត្តិយសរបស់កម្ពុជា។

ការបង្ហាញការស្ងប់ស្ងែងបែបនេះរបស់មន្ត្រី UN បានធ្វើឡើងក្នុងឱកាសលោករួមជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលដំណើរមកដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៤៦នាក់ នាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង ដោយជោគជ័យ។

កងកម្លាំងមួកខៀវដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅសាធារណៈរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងនេះ មាន៣កងរួមមាន៖ កងកម្ទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ កងវិស្វកម្មព្រលានយន្តហោះចំនួន ១២៩នាក់ និងកងរាជអាវុធហត្ថ ចំនួន ៧៣នាក់។

លោក Joseph Scheuer សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងកម្លាំងរក្សាសន្តិភាពដែលទើបត្រឡប់មកពីបំពេញបេសកកម្ម គឺកងវិស្វកម្មព្រលានយន្តហោះ នៃបេសកកម្ម MINUSMA និងកងរាជអាវុធហត្ថនៃបេសកកម្ម UNMISS។ ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពនៃយុទ្ធជន និងយុទ្ធនារីទាំងអស់ ក៏ទទួលបាននូវការអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅ។

លោកJoseph Scheuer បានបន្តថា កងកម្លាំងរក្សាសន្តិភាពទាំងអស់ បានចូលរួមនៅក្នុងប្រពៃណីទំនៀមទំលាប់កម្ពុជា ដែលមានភាពក្លាហាន និងមានមោទនភាពក្នុងបុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិជាមួយយោធិនកម្ពុជាប្រមាណជាង៩០០០នាក់ ដែលបានបំពេញភារកិច្ចនៅតាមបណ្តាប្រទេសជាច្រើន។

អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានបញ្ជាក់ថា «ខ្ញុំសូមគោរពចំពោះភាពក្លាហាន និងការលះបង់របស់លោកអ្នកក្នុងការគាំទ្រសន្តិភាព និងសន្តិសុខជាសកល ការតាំងចិត្ត និងការអនុវត្តភារកិច្ចបាននាំអស់លោក ធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកផ្សេងទៀតនៃពិភពលោក។ អាចនិយាយបានពីបទពិសោធន៍ផ្ទាល់ខ្លួនថា បេសកកម្មមួយនេះ គឺពិតជាធ្វើឱ្យអស់លោកស្គាល់អំពីបញ្ហាប្រឈម និងគ្រាលំបាកខ្លាំង។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ អស់លោកបានក្រោកឈរដើម្បីប្រឈមនឹងការលំបាកទាំងនោះព្រមជាមួយកិត្តិយស និងឆន្ទៈដោយរក្សាបាននូវភាពជោគជ័យក្នុងការចល័តពីសំណាក់កម្លាំងរក្សាសន្តិភាពកម្ពុជាជាបន្តបន្ទាប់។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងនៅក្នុងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា»

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់មានបទពិសោធន៍ផ្ទាល់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ពីការ រក្សាសន្តិភាព។ មុននឹងមកកាន់មុខតំណែងនៅកម្ពុជា ខ្ញុំបាន ធ្វើការនៅប្រទេសម៉ាលី ក្នុងនាមជាប្រធានកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ និងបានឃើញផ្ទាល់ចំពោះសកម្មភាពអនុវត្តភារកិច្ចរបស់កងរក្សាសន្តិភាពកម្ពុជា។ ខ្ញុំមានការស្ញប់ស្ញែងចំពោះការលះបង់របស់ពួកគេក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព»

លោក Joseph Scheuer បានបន្ថែមថា ការចូលរួមរបស់អស់លោកបានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់កម្ពុជាចំពោះការប្រកាន់ខ្ជាប់នូវស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងចូលរួមនៅក្នុងសហគមន៍នៃបណ្តាជាតិសាសន៍រួមគ្នាដើម្បីសន្តិភាព និងអនាគតដ៏ប្រសើរសម្រាប់ទាំងអស់គ្នា។

លោក Joseph Scheuer សូមយកឱកាសនេះដើម្បីបន្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារនៃកម្លាំងរក្សាសន្តិភាព ដូចជា ស្វាមី ភរិយា ឪពុកម្តាយ បុត្រាបុត្រី និងសាច់ញាតិផ្សេងៗទៀត។ គឺមានតែភាពរឹងមាំ ការលះបង់ ការស្រលាញ់គាំទ្រ ដែលធ្វើឱយអស់លោកដែលវិលត្រលប់មកវិញនាថ្ងៃនេះ អាចអនុវត្តភារកិច្ចគ្រប់បែបយ៉ាង ធ្វើដំណើរទៅគ្រប់ទីកន្លែង និងបំពេញភារកិច្ចក្នុងកាលៈទេសៈតម្រូវ។

វត្តមានលោកនាពេលនេះ មិនត្រឹមតែស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបញ្ជាក់ការស្វាគមន៍របស់លោកអ្នក ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិផងដែរ។ លោកអ្នកបានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន យើងបានចូលរួមក្នុងគោលដៅរួមជាបងប្អូនក្នុង គោលបំណងធ្វើឱ្យថ្ងៃស្អែកកាន់តែប្រសើរជាងថ្ងៃនេះ។

«ខ្ញុំទទួលស្គាល់ការលះបង់ និងភាពក្លាហានរបស់លោកអ្នក ហើយខ្ញុំជឿជាក់ថា លោកអ្នកនឹងបន្តដឹកនាំដោយគំរូ និងរក្សាស្តង់ដារខ្ពស់បំផុតនៃភាពសុចរិត»។ នេះជាការបន្ថែមរបស់លោក Joseph Scheuer។

បន្ថែមពីនេះលោក Joseph Scheuer បានបន្តថា អង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះលោកអ្នក រាជរដ្ឋាភិបាល និងប្រជាជកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក៕