លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក


លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា សមិទ្ធផលទាំងនេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីមនោសញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំកសាងទុកជាទីគោរពសក្ការៈដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

លោកជំទាវបាបន្តទៀតថានៅក្នុងស្រុករមាសហែកសព្វថ្ងៃមានការរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ជាក់ស្តែង លើវិស័យធម្មការ និងសាសនា ដែលយើងកំពុងប្រារព្ធពិធីនាពេលនេះ ហើយគ្រប់ទីវត្តអារាមសុទ្ធតែបានសាងនូវសមិទ្ធផលជាច្រើនសម្រាប់បម្រើដល់វិស័យពុទ្ធចក្រផងដែរ។ ដោយឡែក
ចំពោះវត្តចន្ត្រី ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការវត្ត និងមានការឧបត្ថម្ភគាំទ្រដោយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទគ្រប់ទិសទី និងសប្បុរសជនជិតឆ្ងាយទាំងក្នុងប្រទេស និងក្រៅប្រទេស បានខិតខំពុះពារកសាងឡើង ដើម្បីជាគុណប្រយោជន៍ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះដែរលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធអគារពុទ្ធិកបឋមសិក្សានិងពិធីស្រោចស្រពសុគន្ធវារីព្រមទាំងដាំកូនឈើរជានិមិត្តរូប ក្នុងវត្តចន្ត្រី នេះផងដែរ។