អតីតយុទ្ធជនកម្ពុជាក្រីក្រ១០៤គ្រួសារ ដែលមករស់កន្លែងថ្មីនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានរៀបចំជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ១០៤គ្រួសារ ដែលកំពុងរស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធ និងសប្បុរសជនជាច្រេីនរូបផងដែរ។

ក្នុងនាមកាកបាទក្រហមកម្ពុជា, ឯកឧត្តម សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ប្រធានគណៈកម្មាធិការសាខា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសអតីតយុទ្ធជន និងបានសម្តែងនូវការគោរព កោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាពរបស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិជាក់ស្តែងបងប្អូនទាំង ១០៤គ្រួសារ ដែលទទួលបានផ្ទះ និងដីដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន រួមជាមួយការបំពេញនូវតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ល។

ឯកឧត្តមបានលើកឡើងថា៖ «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»

ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ សូមប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។ ពិសេសបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ មើលថែកូនចៅឱ្យបានដិតដល់ប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត។

ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោក ភួង សិទ្ធ ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងជាអនុ
ប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសូមសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ  ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនអតីតយុទ្ធជនកម្ពុជានាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡើងផ្ទះជាច្រើនមុខទៀតផង។

សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី៦ដប និងទឹកស៊ីអ៉ីវ ៦ដបផងដែរ៕