ឯកឧត្តម នេត្រ ភក្ត្រា ប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យ ស្របតាមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា


(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យស្របតាម សេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ការប្តេជ្ញាចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមសមាជិក​សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះមកពីក្រសួងព័ត៌មាន និងគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុកនៃខេត្តក្រចេះជាង​៤០០នាក់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ​ ភក្ត្រា​ បានថ្លែងថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត​ ក្រុង​ស្រុក​ និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ​ក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្ស។

ប្រធានក្រុមការងារ ក៏បានជម្រាបជូនដល់អង្គប្រជុំពីការវិវត្តនៃស្ថានភាព របស់ពិភពលោក​ និងបញ្ហាប្រឈមនានាដែល ពិភពលោកកំពុងជួបប្រទះ ក៏ដូចជាការជះឥទ្ធិពលមកក្នុងតំបន់​ និងប្រទេសកម្ពុជា។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជា​ ក៏ដូចជាសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី​ ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្ត្រី ដោយបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន​​ ការងារ​ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ​​ហើយបានផ្តោតលើអាទិភាព​៥ គឺមនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង ​និងបច្ចេកវិទ្យា។​​​​

ជាមួយគ្នានេះ ប្រធានក្រុមការងារ ក៏បានជំរុញសមាជិក សមាជិកាក្រុមការងារបង្កើនកិច្ចខិតខំប្រឹងប្រែងក្តាប់ឱ្យជាប់នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតបនឹងសេវាតម្រូវការ​ និងសេវាសំណូមពរ​នានារបស់ប្រជាពលរដ្ឋដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនបោះជូនគណបក្សប្រជាជនកម្ពុជា៕