ក្រុមប្រឹក្សារាជធានីភ្នំពេញ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសម្រេចបាននាពេលកន្លងមក


នៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ​ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសសើរ ចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំង ប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។

ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៨៦,៤៤% បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀន បានជាច្រើនករណីគួរឲ្យកត់សម្គាល់។ ដោយឡែកក្នុងខែកន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានប្រមាណ៩៧% នៃបទល្មើស ដែលបានកើតឡើងក្នុងខែ។ ជាមួយនេះ បានបង្ក្រាបក្មេងទំនើង និងបទល្មើស គ្រឿងញៀនបានជាច្រើនករណី។ ដោយរក្សាបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តបានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើឲ្យរាជធានីភ្នំពេញទទួលបាននូវការកោតស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានកោតសរសើរមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ តាមរយៈគម្រោងមូលនិធិសមធម៌បានចំនួន៤,៧៨១នាក់ និងតាមរយៈគម្រោងបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចំនួន៧,០៥៤១នាក់ ឆ្លើយតបកម្មវិធីទី១ នៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងឆ្នាំថ្មី២០២៤នេះ ឯកឧត្តម ឃួង ស្រេង បានជំរុញមន្ត្រីរដ្ឋបាលត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺដាច់ខាតមិនឲ្យមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ។ ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី លោកអភិបាលរាជធានី នឹងធ្វើការស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំពោះការងារសន្តិសុខ សណ្តាប់ កែលំអររាជធានី អាជ្ញាធររាជធានីអនុវត្តបានយ៉ាងល្អ ទាំងកិច្ចប្រជុំកំពូលៗ និងបុណ្យជាតិធំៗ។ អាជ្ញាធរ និងកងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បេ្តជ្ញាចិត្តអនុវត្តឲ្យបានល្អបំផុត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលរាជធានី ឯកឧត្តមបានបានជំរុញការទប់ស្កាត់ក្មេងទំនើង នៅតាមសាលារៀនអោយបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗ នៅតែបន្តសកម្មភាពប្រើហិង្សាព្រួតវាយគ្នា។ បញ្ហាសំរាមក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ព្រោះគិតមកដល់ពេលនេះ ការប្រមូលសំរាម នៅតែបន្តខាតបង់រាល់ខែនៅឡើយ ហើយតាមព័ត៌មាន នៅតាមបុរីខ្លះ ពួកគាត់មិនដឹងថា បង់សេវាសំរាមតាមណាផងនៅឡើយទេ ដែលបញ្ហានេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់៕