មន្ត្រីជាន់ខ្ពស់ CPP៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចធិតី ហ៊ុន ម៉ាណែត ជារបៀបវារៈនយោបាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ


លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់វែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

លោកជំទាវ ឃួន ឃុនឌី បានបន្តថា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ការលើកឡើងបែបនេះរបស់លោកជំទាវ ឃួន ឃុនឌី បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកស្រីបានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកសណ្តាន់ និងមានការចូលរួមពីក្រុមការងារជាច្រើនរូប។

លោកជំទាវសូមថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កន្លងមកហើយ មិនតែប៉ុណ្ណោះលោកស្រីបានកោតសរសើរយ៉ាងក្រៃលែង ដល់ក្រុមការងារសមាជិក សមាជិកាស្រុកឃុំទាំងអស់ ដែលបានខិតខំពុះពារបម្រើសេវាជូនប្រជាពលរដ្ឋ និងខិតខំក្រាញននៀលប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានសំឡេងលើសលប់ហួសពីក្តីរំពឹងទុក្ខ។

លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការបោះឆ្នោតព្រឹទ្ធសភា (បោះឆ្នោតអកសកល) ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ ហើយលោកស្រីជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចូលរួមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នាដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការអភិវឌ្ឍ និងថែរក្សារនូវស្ថេរភាពនយោបាយយូរអង្វែង និងបន្តចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនដូចអរិយប្រទេសនានាលើសាកលលោក។

លោកជំទាវ ឃួន ឃុនឌី បានសំណូមពរដល់សមាជិក សមាជិកានៃអង្គបោះឆ្នោតទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីព្រោះសុខភាព គឺជាអាទិភាពទី១ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីបន្តដឹកនាំក្រុមការងារឱ្យ បានរឹងមាំបន្ថែមទៀត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនពីព្រោះវានឹងអាចបង្កហានិភ័យដោយមិនដឹងខ្លួនប្រសិនបើយើងមានការធ្វេសប្រហែស។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវ ឃួន ឃុនឌី បានចែកជូនដល់សមាជិកសមាជិកាឃុំចំនួន៣៧នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ៕

http://image.freshnewsasia.com/2021//fn-2024-01-11-14-49-45-0.PNG