បញ្ហាខ្វះទឹក! អាជ្ញាធរខេត្តកំពង់ចាម​ ចាត់វិធានការទាន់ពេលដោះស្រាយការខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យថា អាជ្ញាធរពាក់ព័ន្ធបានទទួលការណែនាំ និងចាត់វិធានការទាន់ពេលវេលា ក្នុងការផ្ដល់ប្រភពទឹកដល់ប្រជាកសិករស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីស្រោចស្រពដំណាំស្រូវប្រាំងរបស់ពួកគាត់។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា កន្លងទៅថ្មីៗនេះ មានស្រុកចំនួន២ ដែលជួបប្រទះនូវការខ្វះទឹកស្រោចដំណាំស្រូវប្រាំង ក្នុងនោះ៖

*ទី១៖ ស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន៨ភូមិ ស្មើនឹងផ្ទៃដីជាង ៩០០ហិកតា ដែលប្រឈមនឹងការខ្វះទឹក។ ប៉ុន្តែប្រការនេះ ត្រូវបាន លោកអភិបាលខេត្ត សម្រេចបើកទ្វារទឹកនៅចំណុចអាងទឹកថ្មដា ទម្លាក់ទឹកហូរភ្ជាប់ជាមួយនឹងប្រឡាយទឹកឆា ឱ្យហូរចូលទៅក្នុងឃុំសំពងជ័យ និងឃុំព្រីងជ្រុំ រួចហើយ។

*ទី២៖ ស្រុកបាធាយ មាន២ឃុំ ដែលជួបបញ្ហាខ្វះទឹក ក្នុងនោះឃុំសណ្ដែក មានផ្ទៃដី ជាង ១០០ហិកតា ត្រូវបានដោះស្រាយរួចហើយ ដោយប្រើម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រាំង។ ដោយឡែក នៅក្នុងឃុំតាំងក្រសាំង មានផ្ទៃដីជាង ៥០០ហិកតា ដែលប្រឈមនឹងការខ្វះទឹក ប៉ុន្តែកិច្ចការនេះ គឺខាងមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានធ្វើការដោះស្រាយ ដោយប្រើម៉ាស៊ីនបូមទឹកផ្តល់ជូនប្រជាកសិករផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការងារគ្រប់គ្រងការខ្វះទឹកស្រោចដំណាំស្រូវប្រាំងរបស់ប្រជាកសិករ គឺអាជ្ញាធរខេត្ត អាចគ្រប់គ្រងបាន ដោយសារខេត្តកំពង់ចាម មានផលប៉ះពាល់តិចជាងខេត្តដទៃ៕