ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ចំនួន៣៣១រូប នៅខេត្តបាត់ដំបង


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុងស្រុក ឃុំ សង្កាត់ ចំនួន៣៣១រូប នៅខេត្តបាត់ដំបង។

ពិធីនេះបានឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, ក្រុមប្រឹក្សាខេត្ត, គណ:អភិបាលខេត្ត, កងកម្លាំងទាំងបីប្រភេទ,អភិបាលក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការមន្ទីរ អង្គភាពនានា ជុំវិញខេត្ត និងសមាសភាព ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលមកពីថ្នាក់ ក្រសួងមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នាយកដ្ឋាននិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងក្នុងឱកាសនោះថា យោងតាមសេចក្តីសម្រេចលេខ ២១៩ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, យោងកម្មវិធី និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងយោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមលោកជាប្រធានក្រុមការងារនេះ បានសម្រេចចាត់តាំង លោក លោកស្រី ដែលមានឈ្មោះនៅក្នុងសេចក្តីសម្រេចនេះ ចំនួន៣៣១រូប ក្នុងនោះថ្នាក់ខេត្តមានប្រធាន១រូប អនុប្រធាន៥រូប និងសមាជិក សមាជិកា។ នៅក្នុងសេចក្តីសម្រេចនេះដែរ ក៏បានតែងតាំង លោក លោកស្រី ទទួលខុសត្រូវនៅតាមក្រុង ស្រុក ទាំង១៤ មានប្រធាន១រូប អនុប្រធានទី១ និងអនុប្រធានទី២ ផងដែរ។

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ថា សមាសភាពក្រុមការងារនេះមិនមែនជារឿងថ្មីទេ គឺរាជរដ្ឋាភិបាលចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតជាយូរមកហើយ ក្រុមការងារនេះបង្កើតឡើងដើម្បីចុះមូលដ្ឋាននៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ដើម្បីបម្រើប្រជាពលរដ្ឋ ពីការលំបាក បញ្ហាផ្សេងៗ ឆ្លើយតបនឹងសំណូមពររបស់ពួកគាត់ជាប្រចាំ ពិសេសផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។

លោកប្រធានបានសង្កត់ថា នៅតាមមូលដ្ឋាន ក្រុមការងារ និងអាជ្ញធរ សហការគ្នាត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពទាំង ៧ចំណុចឲ្យបានល្អប្រសើរ ពិសេសបញ្ហាការបង្រ្កាបគ្រឿងញៀនឲ្យអស់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋអ្នកបើកបរ ឲ្យយល់ច្បាប់ និងស្លាកសញ្ញាចរាចរណ៍ឲ្យបានច្បាស់លាស់ដែរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរងរបួសរហូតដល់អស់កុំឲ្យមានគ្រោះថ្នាក់បន្តទៀត។

លោកបញ្ជាក់ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែមានការឡើងខ្ពស់លើសពីជំងឺអេដស៍ទៅទៀត។ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានរឹតបន្តឹង។ បើជនបង្កបើកបុកគេស្លាប់ ហើយរត់គេចខ្លួនមិនទទួលខុសត្រូវទេ គឺជននោះជាប់ ទោសរហូត តែបើបានមកទទួលស្គាល់កំហុស សារភាពកំហុស ព្រមទាំងបានសងដល់ជនរងគ្រោះជាសំណងរដ្ឋប្បវេណីគ្រប់យ៉ាង ច្បាប់ក៏អាចយោគយល់បន្ធូបន្ថយទោសបានខ្លះ។ ដោយឡែកបើពាក់ព័ន្ធទៅនឹងគ្រឿងញៀនវិញ គឺច្បាប់មិនអនុគ្រោះឲ្យជាដាច់ខាត ហើយត្រូវបោសសំអាតបង្រ្កាបពីមេក្លោងធំ ដល់ថ្នាក់មូលដ្ឋាន៕