លក្ខណៈពិសេសនៃការអញ្ជើញរបស់ប្រធានាធិបតីបារាំង មកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា គឺរំលេចនូវតម្លៃខ្ពង់ខ្ពស់ចំពោះទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំងមានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំងជាអ្នកចេញលិខិតអញ្ជើញសម្ដេចដោយផ្ទាល់ ដែលរំលេចនូវគុណតម្លៃខ្ពង់ខ្ពស់ចំពោះទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុបមានរយៈពេល៦ថ្ងៃ គឺដើម្បីចូលរួមកិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ក្នុងនោះសម្តេចមានកម្មវិធីប្រជុំប្រមាណ៤០។ នេះជាទស្សនកិច្ចលើកទី១របស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីមកកាន់ប្រទេសបារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជានិងបារាំង។

សម្ដេចធិបតីបានបន្តថា រាល់ទស្សនកិច្ចផ្លូវការ ឬផ្លូវរដ្ឋ តែងមានការអញ្ជើញដោយសមភាគី ព្រោះជាធម្មតានាយករដ្ឋមន្ត្រីយើងត្រូវមាននាយករដ្ឋមន្ត្រីគេជាអ្នកអញ្ជើញ ប៉ុន្តែទស្សនកិច្ចផ្លូវការរវាងបារាំងនិងកម្ពុជា គឺមានលក្ខណៈពិសេសជាងគេ ក៏ដូចជាពេលសម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា គឺប្រធានាធិបតីបារាំងតែម្ដងជាអ្នកចេញលិខិតអញ្ជើញ បានន័យថា កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «នេះសរបញ្ជាក់ឱ្យឃើញថា បារាំងបានផ្ដល់តម្លៃចំពោះទំនាក់ទំនងការទូត ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ចរវាងកម្ពុជានិងបារាំង ហើយកម្ពុជាក៏បានផ្ដល់នូវការឆ្លើយតបស្មើភាពគ្នា…..ទំនាក់ទំនងកម្ពុជា-បារាំងជាទំនាក់ទំនងប្រវត្តិសាស្ត្រ ដែលត្រូវតែបន្តពូនជ្រុំ»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្មានថ្ងៃមកនេះ មានអ្នកចេញមកពន្យល់ប្រធានាធិបតីបារាំង លោក អេម៉ាញូវអែល ម៉ាក្រុង ថាកុំឱ្យចាញ់បោកមេដឹកនាំកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេចធិបតីបានឆ្លើយតបថា មុននឹងមេដឹកនាំប្រទេសមហាអំណាចដូចជាបារាំងនេះ មានការអញ្ជើញប្រមុខរាជរដ្ឋាភិបាលណាមួយដូចជាកម្ពុជានេះ គឺប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយជាមុនហើយ ទីប្រឹក្សានៃក្រសួងជំនាញ មានក្រសួងការបរទេស ក្រសួងការពារជាតិ ហើយថែមទាំងប្រធានាធិបតីខ្លួនគេផ្ទាល់ ប្រាកដជាប្រមូលផ្ដុំយោបល់ និងសម្រេចចិត្តរួចទៅហើយ មើលឃើញច្បាស់ពីអត្ថប្រយោជន៍នៃទំនាក់ទំនងរួចទៅហើយ ទើបបានចេញលិខិតអញ្ជើញជាផ្លូវការបែបនេះនោះ។

សម្ដេចធិបតីបានបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលសាធារណរដ្ឋបារាំង គឺមានភារកិច្ចសម្រាប់ជាតិរៀងខ្លួន អ្វីទាំងអស់គ្មានឡើយផលប្រយោជន៍បុគ្គល ទាំងអស់គឺនិយាយអំពីការទូត កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការអប់រំ វប្បធម៌ និងទំនាក់ទំនងសម្រាប់ប្រយោជន៍ជាតិរៀងៗខ្លួន ក្នុងនោះក៏មានការស្នើសុំអាហារូបករណ៍ពីរដ្ឋាភិបាលបារាំងមកឱ្យនិស្សិតកម្ពុជាដែរ៕