សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីទៅវិនិយោគនៅកម្ពុជា


ថ្លែងចេញពីទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើដំណើរ១៥ម៉ោងជាងមកទីនេះ ហើយដាក់ពេលវេលាជាប់គ្នាទាំងអស់ គឺភារកិច្ចតែមួយ គឺធ្វើយ៉ាងណាដើម្បីគោះទ្វារ ដើម្បីចាប់ដៃ ដើម្បីបង្ហាញទាំងថ្នាក់ដឹកនាំនយោបាយ អង្គការ ក៏ដូចជាធុរកិច្ច ទៅលើពិភពលោកអំពីកម្ពុជា ហើយបបួលគេតែម្ដង ហៅថា ដើរទាក់ម៉ូយ»

បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វេទិកាពិភពលោកសេដ្ឋកិច្ច គឺជាវេទិកាមួយ ដែលបណ្ដុំថ្នាក់ដឹកនាំកំពូល ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងធុរកិច្ច មកប្រមូលគ្នា ហើយសម្តេចតេជោ ហ៊ុន សែន តែងតែចូលជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមវេទិកានេះ ដើម្បីបង្ហាញអំពីគោលនយោបាយរបស់កម្ពុជាមួយចំនួន ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ច ធុរកិច្ចពិភពលោក ក្នុងនាមជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជំហររបស់កម្ពុជា។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចូលរួមពិភពលោកសេដ្ឋកិច្ចនេះ ដើម្បីទៅផ្សព្វផ្សាយអំពីគោលនយោបាយរបស់កម្ពុជា ក្នុងការចូលរួម និងធានានូវបរិស្ថានធុរកិច្ចផ្សេងៗ ដើម្បីទាក់ទាញសេដ្ឋកិច្ច និងដើម្បីបង្កើតទំនាក់ទំនង ដើម្បីទាក់ទាញជួបជាមួយបណ្ដាធុរកិច្ចផ្សេងៗ ដែលនៅទីនេះ។

សូមជម្រាបថា ដំណើរបេសកកម្មការងារនៅទ្វីបអឺរ៉ុប នៅដើមទំព័រឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋាន ដែលជំរុញឲ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ៕