សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យអ្នកនយោបាយចាស់វស្សានៅបារាំង សម រង្ស៉ី ថា លែងហ៊ានរិះគន់សម្តេចជាក្មេងអត់ទាន់ជ្រុះពន្លៃពីក្បាល ទៀតហើយ ព្រោះប្រធានាធិបតីបារាំង អាយុប្អូនសម្តេច ២ខែ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឱ្យអ្នកនយោបាយចាស់វស្សាម្នាក់ នៅប្រទេសបារាំង ថាលែងហ៊ានរិះគន់សម្តេចជាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលទៀតហើយ ព្រោះខ្លាចចប់ ដោយសារតែដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ មានអាយុប្អូនសម្តេចធិបតី ២ខែ។

ទោះបីសម្តេចធិបតីមិនបញ្ជាក់ឈ្មោះចំៗក្តី ប៉ុន្តែត្រូវបានគេដឹងថា អ្នកនយោបាយចាស់វស្សានៅបារាំងនោះ ជាទណ្ឌិត សម រង្ស៉ី ដែលថ្មីៗមកនេះទើបតែចេញសារឱ្យប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេចធិបតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងអញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «លើកនេះអត់ហ៊ានជេរខ្ញុំថាក្មេង រាល់ដងរិះគន់ខ្ញុំមួយ គឺថាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល អ្នកណាដឹងហើយ ខ្ញុំអត់ប្រាប់ឈ្មោះទេ អ្នកនៅបារាំងហ្នឹងឯង អ្នកនយោបាយចាស់វស្សាស្រុកបារាំងហ្នឹងឯង លើកនេះអត់ហ៊ានថាខ្ញុំអត់ទាន់ជ្រុះពន្លៃពីក្បាល ខ្លាចចប់ ព្រោះដៃគូរបស់ខ្ញុំ ប្រធានាធិបតីបារាំង ប្អូនខ្ញុំពីរខែ ហើយបើសិនជានាយករដ្ឋមន្ត្រីបារាំងកាន់តែក្មេងជាងខ្ញុំ១២ឆ្នាំឯណោះ អីចឹងអត់ហ៊ានប្រើអាយុវ័យខ្ញុំទេ ហើយវាគួរឱ្យអស់សំណើចដែរ ដែលអ្នកនយោបាយវ័យចំណាស់ម្នាក់ មកខំផ្សព្វផ្សាយញុះញុង កុំឱ្យមេដឹកនាំប្រទេសវ័យក្មេងពីរនាក់ ជជែកគ្នាដើម្បីរកផលប្រយោជន៍ឱ្យប្រទេសជាតិរៀងៗខ្លួន ខ្ញុំគួរឱ្យអស់សំណើចណាស់»

ជាមួយគ្នានេះ សម្តេចធិបតីបានចាត់ទុកការចេញសារ របស់អ្នកនយោយចាស់វស្សារូបនេះ ដែលឱ្យប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺនយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិនគិតពីប្រយោជន៍ជាតិនោះឡើយ។

សម្តេចធិបតីបានថ្លែងថា «ខ្ញុំឆ្ងល់ដែរក្នុងនាមជាអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ការចេញសារបែបនេះ [លោក សម រង្ស៉ី ដែលចេញសារប្រាប់ទៅប្រធានាធិបតីបារាំងថា ប្រយ័ត្នចាញ់បោកសម្តេចធិបតី ហ៊ុន ម៉ាណែត] មានបានគិតទេ ចេញសារដែលធ្វើយ៉ាងណាកុំឱ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន បង្កើតនូវភាពមិនទុកចិត្តគ្នា តើសារនេះបានន័យស្អី? ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឱ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ»

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​, សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អ ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី៕