អភិបាលខេត្តសៀមរាប ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ លើការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ។

ទន្ទឹមគ្នានេះ ឯកឧត្តមក៏ស្មើឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៅក្នុងមូលដ្ឋានខ្លួន និងបញ្ហាប្រឈមរបស់មូលដ្ឋាន ក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ក៏បានធ្វើសេចក្តីរាយការណ៍ ស្តីពីកិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន ជាមួយកម្លាំងអាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក ក៏តែងតែជួបការប្រទូសរ៉ាយ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិដែលមានមូលដ្ឋាននៅក្នុងតំបន់រមនីយដ្ឋានអង្គរ ចូលរួមផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តថា ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរមួយចំនួន បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានខ្លួន ទៅរស់នៅលើដីឡូត៌ តំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន តែមួយចំនួន នៅមិនទាន់បានរុះរើផ្ទះនៅឡើយ ដោយតំបន់ដែលពួកគាត់ទៅរស់នៅ តំបន់ពាក់ស្នែង នៅមិនទាន់បានរៀបចំ បានរៀបរយនៅឡើយ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ត្រូវប្តេជ្ញាក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឬសំណង់អាណាធិបតេយ្យជាដើម។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងនូវចំណារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក បន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ សាងសង់ផ្ទះ ទីជម្រកនៅក្នុងតំបន់ការពារបេតិកភណ្ឌ។

ឯកឧត្តមក៏បានបញ្ជាក់អំពីអត្ថន័យខ្លឹមសារ នៃចំណារលិខិត ដោយតួនាទីក្នុងពេលកន្លងមក គឺជាតួនាទីរបស់អាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រង។ ក្នុងខ្លឹមសារនេះ បានន័យថា អាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងវិញ និងការគ្រប់គ្រងពីការចូលមកថ្មីរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារនៅតំបន់ដែលប្រជាពលរដ្ឋបាន​ស្ម័គ្រចិត្តរុះរើ ទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឲ្យមានការចូលមករស់នៅបន្តទៀត។ លោកបានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឲ្យបានត្រឹមត្រូវស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងនោះដែរ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រូវចូលរួមក្នុងការទប់ស្កាត់ និងការពារនៅតំបន់ទាំងនោះ កុំឲ្យកើតមានសារជាថ្មីបន្ត ព្រមទាំងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាល់ការងារដែលកំពុងអនុវត្ត ក្នុងយុទ្ធនាការតម្រង់ទិសនេះ ដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលអាជ្ញាធរមូលដ្ឋានចូលរួម ក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ដើមី្បឲ្យជៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក៕