សម្តេចពិជ័យសេនា ទៀ បាញ់៖ យើងត្រូវប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីអនាគតអ្នកជំនាន់ក្រោយរស់នៅប្រកបដោយភាពសុខដុមរមនា


(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលនានាដែលប្រឹងកសាងឡើងពីបាតដៃទទេ និងរួមគ្នាថែរក្សា សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុង បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយ បន្តរស់នៅប្រកបដោយភាពសុខដុមរមនា។

ការថ្លែងបែបនេះរបស់សម្តេចិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ​ ៥០០០នាក់ ប្រារព្ធពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤) នៅបរិវេនវិមានឈ្នះខេត្តកោះកុង។

ក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានខ្លឹមសារថា អត្ថន័យដ៏ជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឱ្យរួចចាកផុតពីរបបប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង ហើយបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដោយឡែកខេត្តកោះកុង ត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងរហូត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃ​នេះ គឺបានបញ្ជាក់ឱ្យឃេីញថា៤៥ឆ្នាំកន្លងផុតទៅ ក៏ពិតមែនកម្ពុជាបានរំដោះចេញពីរបបប្រជាធិបតេយ្យខ្មែរក្រហម ហេីយបានមកចូលរួមទាំងអស់គ្នា រំឭកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផលដែលកម្ពុជាទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន សម្ធិផលដែលទទួលក្នុងបច្ចុប្បន្នភាពនេះកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរស។ ស្របពេលជាមួយគ្នានេះក៏ត្រូវសំឡឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ដូច្នេះក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឱ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា»

សម្តេចពិជ័យ ទៀ បាញ់ បានរំឭកថា ការជាប់ឈ្មោះ «ទៀ បាញ់» នេះគឺកើតចេញពីពួក ប៉ុល ពត ទាមទារយកសម្តេចទៅបាញ់ចោល ប៉ុល ពត បានចងសម្តេចត្រៀមបាញ់ចោលតែគុណបុណ្យទឹកដោះម្តាយថ្លៃ សម្តេចបានរួចពីចំណងដៃ ដែលពួកវាចង ហើយសម្តេចបានរត់ចូលព្រៃទាំងអត់មានបាយទឹក។

ត្រង់ចំណុចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «ដូច្នេះយើងគ្រប់គ្នាត្រូវចង់ចាំជានិច្ចថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់យើង មានថ្ងៃ៧ មករា ១៩៧៩ ទើបយើងមានថ្ងៃនេះ មានសន្តិភាព មានស្ថិរភាព មានភាពរីកចម្រើន មានធនធានមនុស្សទាំងអស់នេះ គឺដោយសារការខិតខំប្រឹងប្រែងនៅនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានធ្វើឱ្យកម្ពុជាមានភាពល្បីល្បាយមានកេរ្តិ៍ឈ្មោះនៅលើឆាក់អន្តរជាតិ»