អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្រូវប្រាំងរបស់ប្រជាកសិករជិត២ពាន់ហិកតា ដែលជួយសង្គ្រោះទាន់ពេលវេលា នៅស្រុកប្រាសាទសំបូរ


(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តធំ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្រូវប្រាំងរបស់ប្រជាកសិករជិត ២០០ហិកតា ដែលមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋានដាក់ម៉ាស៊ីន បូមទឹកជួយសង្គ្រោះស្រូវបានទាន់ពេលវេលា នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

នាឱកាសនោះឯកឧត្តម ងួន រតនៈ បានជួបសំណេះសំណាលជាមួយប្រជាកសិករ ដែលបានកំពុងអាស្រ័យផលធ្វើស្រែប្រាំងនៅតំបន់នេះ ដោយបាន​លើកឡើងថា ការធ្វើស្រែប្រាំងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅពេលនេះ មិនទាន់មានហានិភ័យនៃការខ្វះខាតទឹកស្រោចស្របនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀថា ដោយសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ មានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើនតម្លៃស្រូវសមរម្យ និងបានជួយសម្រួលជីវភាពរបស់ ប្រជាកសិករបានធូរស្រាលមួយកម្រិតទៀតផង។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិកតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងសហគមន៍គ្រង់គ្រងទឹក ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា ជៀងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឱ្យស្រូវក្រៀមស្វិតខូច និងខាតបងថវិកាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវពង្រឹងសហគមន៍របស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ ពីព្រោះទឹក ក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួយមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិ ទូទៅផងដែរ៕