សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Bühler Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ដាវ៉ូស, ស្វីស)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្ម​របស់​ខ្លួនអស់រយៈពេល ១៥០ឆ្នាំមកហើយ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន១៤០ ជុំវិញពិភពលោក។

ក្រុមហ៊ុនបានផ្តោតសំខាន់លើសន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើប​ក្នុងការ​កែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុនដែលឈានមុខ​គេ​លើបច្ចេកវិទ្យា​រថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់៕