កិច្ចប្រជុំសំណេះសំណាល រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយទីប្រឹក្សា សាជីវកម្ម ជេជីស៊ី និងអភិបាលក្រុមហ៊ុនសាន់រ៉ាយស៍ហែលឃែសឺវីស


នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក តាកាហាសិ ហ្វូមិយ៉ាគិ (TAKAHASHI Fumiaki) ទីប្រឹក្សា សាជីវកម្ម ជេជីស៊ី (JGC Corporation) និង លោក អារ៉ាតានិ ហ៊ិដេអាគិ (ARATANI Hideaki) អភិបាលក្រុមហ៊ុនសាន់រ៉ាយស៍ហែលឃែរសឺវីស (Sunrise Healthcare Service Co., Ltd.) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការផ្តល់សេវា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ (Sunrise Japan Hospital Phnom Penh) ដែលបានចូលមកសម្តែងការគួរសម និងសំណេះសំណាល ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាទីស្តីការក្រសួងពាណិជ្ជកម្ម ។
ភាគីជប៉ុន បានសម្តែងចំណាប់អារម្មណ៍ និងការកត់សម្គាល់ លើការរីកចម្រើន យ៉ាងឆាប់រហ័ស របស់ រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល បើប្រៀបធៀបទៅស្ថានភាព ក្នុងរយៈពេល ១០-១៥ ឆ្នាំកន្លងមក ។ ការវិនិយោគរបស់ជប៉ុន មកកាន់កម្ពុជា ក៏មានការកើនឡើង ជាលំដាប់ ហើយវត្តមាន របស់ ជនជាតិជប៉ុន ក៏មានកាន់តែច្រើនឡើងផងដែរ ។
វត្តមាន មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ នៅរាជធានីភ្នំពេញ ដែលទើបតែបានសម្ភោធ ដាក់ឱ្យដំណើរការ នាពេលថ្មីៗ កន្លងមកនេះ នឹងជាការចូលរួមចំណែក មួយដ៏សំខាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព ដល់ ជនជាតិជប៉ុន នៅកម្ពុជា រួមទាំងប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរ ជាតិសាសន៍ផ្សេងៗ ផងដែរ ។ វត្តមានរបស់មន្ទីរពេទ្យនេះ នឹងបម្រើ ជាកត្តាទាក់ទាញមួយ សម្រាប់វិនិយោគពីជប៉ុន បន្ថែមទៀត នាពេល អនាគត ហើយផ្តល់ជា គំរូគុណភាព សេវាថែទាំសុខភាព ដែលនឹងចូលរួមចំណែកជំរុញ ការអភិវឌ្ឍវិស័យ សុខាភិបាលកម្ពុជាផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តី សម្តែងសេចក្តីអំណរ ចំពោះកំណើនវិនិយោគជប៉ុន នៅកម្ពុជា និងវត្តមានមន្ទីរពេទ្យជប៉ុន នេះ នៅរាជធានីភ្នំពេញ ព្រមទាំងសម្តែងសេចក្តីដឹងគុណ ដល់ប្រទេសជប៉ុន ដែលតែងតែជួយប្រទេស កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមរដ្ឋមន្រ្តី រីករាយនឹងសហការ និងជួយសម្រួលការងារ ដល់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ តាមការចាំបាច់ និងស្ថានការជាក់ស្តែង ដើម្បីជាឧត្តមប្រយោជន៍ ដល់ទាំង កម្ពុជា និងជប៉ុន ៕