ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលសម្ដែងការគួរសម និងពិភាក្សាជាមួយប្រតិភូសិង្ហបុរី ដែលស្វែងឱកាសវិនិយោគនៅកម្ពុជា


លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសិង្ហបុរី ដឹកនាំដោយ លោក Mohammad Admin ប្រធានក្រុមហ៊ុន Halal Park Cambodia នៅការិយាល័យ រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីស្ថានភាពទូទៅនៃការអនុវត្តស្តង់ដារផលិតផលហាឡាលកម្ពុជា និងបានរំលេចពីឱកាសវិនិយោគនៅកម្ពុជា ខណៈកម្ពុជាជាប្រទេសដែលសម្បូរវត្ថុធាតុដើមច្រើន និងមានតម្លៃកម្លាំងពលកម្មទាប។ ដូច្នេះវាជា ឱកាសល្អមួយសម្រាប់វិនិយោគគិនបរទេស ដែលមានបំណងមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នាដែរ លោកបណ្ឌិត ក៏បានកោតសរសើរ និងអរគុណដល់ក្រុមហ៊ុន Halal Park Cambodia ដែលបាននឹងកំពុងវិនិយោគលើវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា ដើម្បីនាំចេញទៅលើទីផ្សារពិភពលោក។

ក្នុងឱកាសនោះ លោក Mohammad Admin បានធ្វើបទបង្ហាញអំពីនិយមន័យហាឡាល និងបានចែករំលែកបទពិសោធន៍ នៃអនុវត្តស្តង់ដារផលិតផលហាឡាលនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ផងដែរ។

លោកបានសង្កាត់ធ្ងន់ថា ផលិតផលហាឡាលមិនមែនសម្រាប់តែអ្នកកាន់សាសនាឥស្លាមនោះទេ ប៉ុន្តែវាសម្រាប់មនុស្សទូទៅទាំងអស់ ព្រោះហាឡាល គឺមានសុវត្ថិភាព និង អនាម័យខ្ពស់ សម្រាប់អ្នកបរិភោគ ខណៈរាល់ចង្វាក់ផលិតកម្ម ត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។

លោកបានបញ្ជាក់ថា គោលបំណង របស់ក្រុមហ៊ុន Halal Park Cambodia គឺដើម្បីជំរុញឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការផលិតអាហារហាឡាលដ៏ធំ ដើម្បីនាំចេញទៅកាន់ពិភពលោក។ លើសពីនេះទៅទៀត វាកន្លែងមួយដ៏សំខាន់សម្រាប់ទេសចរណ៍ហាឡាលនៅកម្ពុជា ខណៈវាជាក្រុមហ៊ុនដំបូងគេតែមួយគត់ដែលប្រើបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ប្រតិបត្តិការហាឡាល។

សូមជម្រាបថា វិទ្យាសាស្រ្តហាឡាល មាន៤ចរន្តធំៗ រួមមានដូចជា ផលិតផលអាហារ ផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងផលិតផលសម្ភារប្រើប្រាស់។

យោងតាមរបាយការណ៍របស់ Thomson Reuters ទីផ្សារហាឡាលពិភពលោកមានតម្លៃ ២.៣ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ៣.២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៤ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៦.៣%។

ទីផ្សារហាឡាលធំជាងគេ គឺនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន គឺជាទីផ្សារដ៏ធំ ខណៈទីផ្សារហាឡាល ក៏កំពុងរីកដុះដាល រនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអឺរ៉ុបផងដែរ៕